មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្ស សាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល (Brain Intellectual School) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារ ពេជ្រដា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dr. Andrew Riese អគ្គនាយក GrapeSeed ប្រចាំប្រទេសកម្ពុជា លោក បុត្រ ផល្លី នាយកសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក លី សាមិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល ដែលបានខិតខំបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងប្រកបដោយគុណភាពជូនដល់សិស្សានុសិស្ស។ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ការអប់រំនាសម័យទំនើប មិនមែនផ្តោតត្រឹមតែទ្រឹស្តីនោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំងចំណេះដឹង ចំណេះធ្វើ បំណិនជីវិត ការគិតពិចារណា ការដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត និងគុណធម៌សីលធម៌ក្នុងសង្គម។

ជាមួយគ្នានេះ លោក បានជំរុញឱ្យមាតាបិតា និងអាណាព្យាបាល បង្កើនកិច្ចសហការជិតស្និទ្ធរវាង «ផ្ទះ និងសាលារៀន» តាមរយៈការតាមដាន និងលើកទឹកចិត្តកូនៗបន្ថែមទៀត ដើម្បីរួមគ្នាកសាងធនធានយុវជនឱ្យមានសមត្ថភាពពេញលេញ។

លោក បុត្រ ផល្លី នាយកសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានមន្ទីរ និងភាគីពាក់ព័ន្ធទាំងអស់។ លោក បានប្តេជ្ញាថា សាលានឹងបន្តរក្សាស្តង់ដារគុណភាពអប់រំ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងវិធីសាស្ត្របង្រៀនឱ្យស្របតាមសម័យកាល ព្រមទាំងអនុវត្តតាមអនុសាសន៍ណែនាំរបស់មន្ទីរអប់រំ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់មាតាបិតាសិស្ស និងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើន៕