ឯកឧត្តម គន់ គីម អញ្ជើញប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តព្រះវិហារ
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ផ្ទះ១០២ខ្នង បានកសាងឡើងនៅរួមជាមួយនឹងផ្ទះបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលទទួលបានការរៀបចំ និងស្ថាបនា ផ្លូវ អគ្គិសនី ទឹកស្អាត សាលារៀន ប៉ុស្ត៍សុខភាព ស្នាក់ការភូមិជាដើម ដែលបម្រើដល់ជីវភាពប្រចាំថ្ងៃ។
ក្នុងឱកាសនោះ ឯកឧត្តម គន់ គីម សូមសម្តែងការគុណដឹងដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែទុកការលំបាករបស់អតីតយុទ្ធជន និងនិវត្តជន គឺជាការងារមនុស្សធម៌ដ៏សំខាន់មិនអាចកាត់ថ្លៃបាន ដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍមកទល់សព្វថ្ងៃបានមក ដោយការលះបង់របស់អតីតយុទ្ធជន និងនិវត្តជន៕



