សាលារៀនសុវណ្ណភូមិ សាខាថ្មី ទីតាំងកំបូល ផ្តល់នូវការសិក្សាឥតបង់ថ្លៃរយៈពេល៦ខែ នឹងចាប់ផ្តើម ចុះឈ្មោះចូលរៀន ចាប់ពេលនេះតទៅ ។
នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា លោក ឃឹម ផុន នាយកប្រតិបត្តិ សាលារៀនសុវណ្ណភូមិ បានដឹកនាំបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ប្រមាណជាង ១០០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពី ការដាក់ឱ្យដំណើរការ សាលារៀនសុវណ្ណភូមិ សាខាថ្មី ទីតាំងកំបូល ដែលស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលទីតាំងថ្មីនេះ បានចាប់ផ្តើមបើកឱ្យ សិស្សចុះឈ្មោះចូលរៀន ចាប់ពេលនេះតទៅ ដោយសាលា មានការផ្តល់ជូនយ៉ាងពិសេស សម្រាប់សិស្ស ដែលបានមកចុះឈ្មោះចូលរៀន និងបង់ប្រាក់ថ្លៃសិក្សារយៈពេល១ឆ្នាំនឹងទទួលបានការផ្តល់ជូនបន្ថែមនូវការសិក្សាឥតបង់ថ្លៃរយៈពេល ៦ខែថែមទៀតផង។
ក្នុងយុទ្ធនាការផ្សព្វផ្សាយ ស្តីពី ការដាក់ឱ្យដំណើរការសាលារៀន សុវណ្ណភូមិសាខាថ្មីទីតាំងកំបូល លោក ឃឹម ផុន បានថ្លែងថា ការជួបជុំរបស់បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សាលារៀនសុវណ្ណភូមិ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ អំពីព័ត៌មាននានា របស់សាលារៀនសុវណ្ណភូមិ ទៅកាន់មាតា បិតា អាណាព្យាបាលសិស្ស អំពីការដាក់ឱ្យដំណើរការនូវ សាលារៀនសុវណ្ណភូមិ សាខាទីតាំងថ្មីកំបូល ដែលបានបើកទទួលចុះឈ្មោះសិស្សឱ្យចូលសិក្សាចាប់ពីពេលនេះតទៅ ខណៈការសិក្សានឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
តាមរយៈយុទ្ធនាការនេះលោកនាយកប្រតិបត្តិសាលារៀនសុវណ្ណភូមិរូបនេះសង្ឃឹមថា មាតា បិតា អាណាព្យាបាលសិស្សនឹងទទួលបានព័ត៌មានច្បាស់ លាស់អំពីបេសកកម្ម និងគុណភាពនៃការអប់រំរបស់សាលារៀនសុវណ្ណភូមិមុននឹងសម្រេចនាំយកកូនចៅរបស់ពួកគាត់មកចុះឈ្មោះចូលរៀននៅទីនេះ ដោយសាលាទទួលយកសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ ខណៈដែលសាលារៀនសុវណ្ណភូមិមានចាប់ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២៕



