សាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី ទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតដើម្បីលើកកម្ពស់បរិស្ថានសាលា

ខេត្តព្រះសីហនុ៖ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ព្រមទាំងដំឡើងដំបូលអគារសិក្សាថ្មី នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធាន មន្ត្រីរាជការនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកោះករ។

ពិធីនេះធ្វើឡើងដើម្បីសុំសិរីសួស្តី ថ្នាក់ដឹកនាំទាំងពីរបានដឹកនាំ អ្នកចូលរួមទាំងអស់ ប្រារព្ធពិធីបញ្ចុះបឋមសិលា និងក្រុងពាលីជាផ្លូវការ ដើម្បីសុំការជ្រោមជ្រែង និងពរជ័យ ឱ្យការដ្ឋានសាងសង់ដំណើរការទៅដោយរលូន និងមានសុវត្ថិភាព។ ការកសាងខ្លោងទ្វារ និងការរៀបចំដំបូលអគារសិក្សានាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់វិស័យអប់រំ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ក្មួយៗសិស្សានុសិស្សក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគេទទួលបាននូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព សោភ័ណភាព និងបរិយាកាសល្អប្រសើរ។

ឯកឧត្តមគណៈអធិបតី ក៏បានអញ្ជើញដើរទស្សនានិងពិនិត្យមើលទិដ្ឋភាពទូទៅនៃអគារសិក្សា ដំណើរការសាងសង់របងសាលា ការរៀបចំសួនកម្សាន្ត និងបរិវេណសាលាទាំងមូល។

ថ្នាក់ដឹកនាំក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស និងបានដាស់តឿនដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ ព្រមទាំងរួមគ្នារក្សាសោភ័ណភាព និងអនាម័យក្នុងបរិវេណសាលាឱ្យបានល្អជាប្រចាំ។

 

អត្ថបទ : ស្រីមុំ

រូបភាព : សុខជា