ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តកិច្ចប្រជុំពិភាក្សាជាលើកទី ៣ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី ៣ ដើម្បីបន្តជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៨លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ៣លើក កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកចំនួន ១លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជកចំនួន ១លើកផងដែរ។
នាឱកាសនោះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានបន្តលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាមួយគ្នានេះ តំណាងភាគីរាជរដ្ឋាភិបាល បានបន្តសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមពាក់ព័ន្ធនឹងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ជូនភាគីពាក់ព័ន្ធផងដែរ។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតភាគច្រើន បានរក្សាសំណើកំណើនចំនួន ១៥,៣ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥,៣ដុល្លារអាម៉េរិក និងមួយចំនួនទៀតរក្សាសំណើកំណើនចំនួន ៤០,៦ដុល្លារអាម៉េរិក ដែល ស្មើនឹង ២៥០,៦ដុល្លារអាម៉េរិក។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដូចកាលវិភាគដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦៕



