ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ ក្រុមហ៊ុនចិនចំនួន ៤២ គ្រោងបោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺលើវិស័យសំខាន់ៗចំនួន ៩»
ណាននីង៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុន និងសហគ្រាសចិនចំនួន ៤២ មកពីឧស្សាហកម្មផ្សេងៗគ្នា បានបង្ហាញបំណងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺក្នុងទំហំទឹកប្រាក់យ៉ាងច្រើន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយតំណាងធុរជនចិនទាំង ៤២ ក្រុមហ៊ុន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ក្រុមហ៊ុនទាំង ៤២ បានសន្យានឹងមកទស្សនកិច្ចស្វែងយល់ជាក់ស្តែង និងបោះទុនរកស៊ីក្នុងខេត្តកំពង់ស្ពឺក្នុងពេលឆាប់ៗខាងមុខ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៩ រួមមាន៖ ១. កសិកម្ម និងការកែច្នៃកសិផល ២. ឧស្សាហកម្ម និងផលិតកម្ម ៣. សំណង់ និងសម្ភារសំណង់ ៤. ទេសចរណ៍ និងវប្បធម៌ ៥. វិនិយោគ និងពាណិជ្ជកម្ម ៦. បច្ចេកវិទ្យា និងឌីជីថល ៧. រ៉ែ ៨. ឡូជីស្ទីក និងការដឹកជញ្ជូន ៩. ថាមពលថ្មី និងបរិស្ថាន។
ក្នុងចំណោមនោះ មានទាំងអ្នកវិនិយោគចាស់ដែលចង់ពង្រីកអាជីវកម្ម និងអ្នកវិនិយោគថ្មីដែលគ្រោងបង្កើតរោងចក្រផ្ទាល់។ ដើម្បីគាំទ្រលំហូរទុនវិនិយោគនេះ រដ្ឋបាលខេត្តបានប្តេជ្ញាបង្កបរិយាកាសវិនិយោគប្រកបដោយភាពកក់ក្តៅ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលនីតិវិធីច្បាប់ឱ្យបានរហ័សទាន់ចិត្ត។
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ និងសហគ្រាសជិត ៣,០០០ មូលដ្ឋាន ដោយស្រូបទាញកម្លាំងពលកម្មជាង ៤០ ម៉ឺននាក់ (មិនទាន់គិតបញ្ចូលកសិដ្ឋានចិញ្ចឹមសត្វ និងចម្ការនានា)។ គម្រោងវិនិយោគថ្មីៗពីក្រុមហ៊ុនចិនទាំងនេះ ត្រូវបានរំពឹងថានឹងបង្កើតការងារបន្ថែមរាប់ម៉ឺនកន្លែង ព្រមទាំងពង្រឹងជំហរខេត្តកំពង់ស្ពឺជាប៉ូលឧស្សាហកម្ម និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។



