ការប្រឡងជ្រើសរើសមន្ត្រីក្រសួងយុត្តិធម៌ មានបេក្ខជន ១៣នាក់ ជាប់ជាស្ថាពរ ខណៈក្រសួងផែនការមានបេក្ខជន២៦នាក់ជាប់វិញ្ញាសារលើកទី១ និងរង់ចាំវិញ្ញាសាប្រឡងផ្ទាល់មាត់

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្រសួងយុត្តិធម៌ និងក្រសួងផែនការ បានឈានដល់ដំណាក់កាលសម្រេចហើយ បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះហត្ថលេខាទទួលស្គាល់លទ្ធផលផ្លូវការ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងលទ្ធផលដែលបានប្រកាសផ្លូវការក្រសួងយុត្តិធម៌មានបេក្ខជនចំនួន ១៣នាក់ បានប្រឡងជាប់ជាស្ថាពរ លើតម្រូវការសរុបចំនួន ១៥នាក់ដោយផ្អែកលើបេក្ខជនចូលរួមប្រឡងសរុប ៥៦៦នាក់។

ក្រសួងផែនការ មានបេក្ខជនចំនួន ២៦នាក់ (ស្រី ១០នាក់) បានឆ្លងផុតវិញ្ញាសាសរសេរលើកទី១ ហើយត្រូវបន្តទៅប្រឡងប្រជែងលើវិញ្ញាសាផ្ទាល់មាត់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសយក ១៦នាក់ ផ្អែកលើបេក្ខជនចូលរួមប្រឡងសរុប ៣៩២នាក់។

ការប្រឡងប្រជែងដែលបានរៀបចំឡើងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ត្រូវបានសង្កត់ធ្ងន់លើគោលការណ៍តម្លាភាព យុត្តិធម៌ និងសុក្រឹតភាពខ្ពស់បំផុត។ ដំណើរការពិនិត្យ កែសន្លឹកកិច្ចការ និងបូកពិន្ទុ ត្រូវបានធ្វើឡើងដោយមានការចូលរួមសង្កេតការណ៍យ៉ាងម៉ឺងម៉ាត់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គណៈកម្មការជំនាញ តំណាងក្រសួងសាមីទាំងពីរ អ្នកសារព័ត៌មាន ព្រមទាំងតំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។