ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងជ្រើសរើសសមណសិស្សពូកែ ផ្នែកភាសាបាលី-សំស្ក្រឹត ខេត្តកំពង់ស្ពឺ ប្រចាំឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺ៖ នៅវេលាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ សហការជាមួយ សាលាគណខេត្តកំពង់ស្ពឺ គណៈមហានិកាយ បានចូលរួមពិធីកាត់វិញ្ញាសាប្រឡងជ្រើសរើសសមណសិស្សពូកែ ផ្នែកភាសាបាលី-សំស្ក្រឹតថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ខេត្តកំពង់ស្ពឺប្រចាំឆ្នាំ២០២៦ នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ និងមានការចូលរួមពី ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និង លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ។

ការរៀបចំការប្រឡងនេះ ជាសកម្មភាពមួយដែលរួមចំណែកលើកកម្ពស់គុណភាពពុទ្ធិកសិក្សា ពង្រឹងចំណេះដឹងភាសាបាលី-សំស្ក្រឹត និងចំណេះដឹងព្រះពុទ្ធសាសនា ព្រមទាំងជំរុញការអភិវឌ្ឍសមត្ថភាពសមណសិស្ស ឱ្យក្លាយជាធនធានបន្តវេនប្រកបដោយចំណេះដឹង គុណធម៌ និងសមត្ថភាព។ ការលើកកម្ពស់ការអប់រំ និងការសិក្សាភាសាបាលី-សំស្ក្រឹត គឺជាមូលដ្ឋានដ៏សំខាន់មួយក្នុងការពង្រឹងចំណេះដឹងព្រះពុទ្ធសាសនា បណ្តុះសមត្ថភាពសមណសិស្ស និងរួមចំណែកក្នុងការថែរក្សា និងបន្តវេនមរតកព្រះធម៌ វប្បធម៌ និងអរិយធម៌ខ្មែរ។ជោគជ័យក្នុងការសិក្សា និងការប្រឡង គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងជាប្រចាំ។ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ សូមចាត់ទុកការប្រឡងនេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់បន្តពង្រឹងចំណេះដឹង បណ្តុះសមត្ថភាព និងអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសឯកឧត្តម សូមប្រគេនពរ និងលើកទឹកចិត្តដល់ សមណសិស្សគ្រប់អង្គ ឱ្យបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មានស្មារតីអត់ធ្មត់ មានវិន័យ និងជឿជាក់លើចំណេះដឹង និងសមត្ថភាពរបស់ខ្លួន។ សូមប្រឡងដោយស្មារតីស្ងប់ស្ងាត់ ប្រកបដោយការទទួលខុសត្រូវ និងសុចរិតភាព។ សូមប្រគេនពរ សមណសិស្សគ្រប់អង្គ ទទួលបានសុខភាពល្អ ស្មារតីមុតមាំ បញ្ញាភ្លឺថ្លា និងទទួលបានលទ្ធផលល្អប្រសើរតាមការខិតខំប្រឹងប្រែងរបស់ខ្លួន។