ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី «រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន» ជូនថ្នាក់ដឹកនាំ និងសិក្ខាកាមនៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ជាង ៤០០នាក់

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី «រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន» ជូនថ្នាក់ដឹកនាំ និងសិក្ខាកាមនៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ប្រមាណជាង ៤០០នាក់ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធចាត់តាំង មុខងារ តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការងារវិស័យព័ត៌មាន ជាពិសេសការរួមចំណែករបស់ក្រសួងក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងគាំទ្រការងាររបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនថា មុខងារស្នូលរបស់ក្រសួងព័ត៌មាន គឺដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដឹកនាំ និងសម្របសម្រួលការអនុវត្តកិច្ចការទំនាក់ទំនងសាធារណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

ក្នុងការអនុវត្តមុខងារនេះ ក្រសួងមានភារកិច្ចធានាសណ្តាប់ធ្នាប់សារព័ត៌មាន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។

ជាមួយគ្នានេះ ក្រសួងមានភារកិច្ចផ្តល់ និងផ្សព្វផ្សាយព័ត៌មានគ្រប់វិស័យជូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស តាមមធ្យោបាយផ្សព្វផ្សាយនានា ព្រមទាំងគ្រប់គ្រងមាតិកាព័ត៌មាន និងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ពាក់ព័ន្ធនឹងការងារទំនាក់ទំនងសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មានមានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការងារទំនាក់ទំនងសាធារណៈ ការគ្រប់គ្រងព័ត៌មាន និងលំហព័ត៌មាន ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែករក្សាសន្តិសុខព័ត៌មាន សន្តិសុខឌីជីថល និងសន្តិសុខជាតិ។

ការងារសំខាន់ៗរួមមាន ការដឹកនាំ និងសម្របសម្រួលកិច្ចការទំនាក់ទំនងសាធារណៈ ការគាំទ្រក្រសួង ស្ថាប័ន និងអង្គភាពក្នុងអង្គនីតិប្រតិបត្តិ ការជំរុញទំនើបកម្មយន្តការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ព្រមទាំងការសម្របសម្រួលរៀបចំផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន។

លើសពីនេះ ក្រសួងសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានសំខាន់ៗ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ព្រមទាំងរៀបចំ និងគ្រប់គ្រងគេហទំព័រ បណ្តាញសង្គម និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗ ដើម្បីផ្តល់ព័ត៌មានជូនសាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃការរៀបចំ និងដឹកនាំការតាក់តែងខ្លឹមសារ និងមាតិកាផ្សព្វផ្សាយពាក់ព័ន្ធនឹងដំណើរការរបស់ក្រសួង ស្ថាប័ន និងអង្គភាព ព្រមទាំងការផ្សព្វផ្សាយសមិទ្ធផលការងារ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។

ការធ្វើបទឧទ្ទេសនាម និងបាឋកថានេះ ធ្វើឡើងក្នុងបរិបទដែលវិស័យព័ត៌មានកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្របពេលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់តែមានសារៈសំខាន់។ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍នេះ សិក្ខាកាមបានស្វែងយល់កាន់តែច្បាស់អំពីការងាររបស់ក្រសួងព័ត៌មាន និងការរួមចំណែករបស់វិស័យព័ត៌មានក្នុងការបម្រើសង្គម និងស្ថាប័នរដ្ឋ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ បានធ្វើរបាយការណ៍ជម្រាបជូនថា វិទ្យាស្ថានបញ្ជាការ-សេនាធិការ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ ដោយមានទីតាំងដំបូងនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទីតាំងសាកលវិទ្យាល័យការពារជាតិនាពេលបច្ចុប្បន្ន និងមានឈ្មោះថា «មជ្ឈមណ្ឌលបញ្ជាការ-សេនាធិការ» ចំណុះបណ្ឌិត្យសភាយោធានៃក្រសួងការពារជាតិ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ បណ្ឌិត្យសភាយោធាត្រូវបានបង្កើតទៅជាសាកលវិទ្យាល័យការពារជាតិ ហើយមជ្ឈមណ្ឌលបញ្ជាការ-សេនាធិការ ក៏បានក្លាយជា «មហាវិទ្យាល័យបញ្ជាការ-សេនាធិការ»។

បន្ទាប់មក នៅខែមិថុនា ឆ្នាំ២០២៤ មហាវិទ្យាល័យបញ្ជាការ-សេនាធិការ ត្រូវបានកែសម្រួលមកចំណុះអគ្គបញ្ជាការដ្ឋានវិញ និងមានឈ្មោះថា «វិទ្យាស្ថានបញ្ជាការ-សេនាធិការ» រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្ន វិទ្យាស្ថានមាននាយទាហាន យោធាចារ្យ បុគ្គលិក និងសិក្ខាកាមសរុបចំនួន ២៩៦នាក់ ក្នុងនោះមានស្ត្រី ៣៦នាក់។ វិទ្យាស្ថានក៏មានសិស្សសាលាមត្តេយ្យចំនួន ៥១នាក់ ក្នុងនោះកុមារី ២៧នាក់។

វិទ្យាស្ថានមានបេសកកម្មបណ្តុះបណ្តាល និងបំប៉ននាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលជានាយទាហានសេនាធិការ មេបញ្ជាការវរសេនាតូច កងពលតូច កងពលធំ និងថ្នាក់ប្រហាក់ប្រហែល ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗទៀត តាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។

ចាប់តាំងពីឆ្នាំ២០០១ មកដល់បច្ចុប្បន្ន វិទ្យាស្ថានបានបើកវគ្គបណ្តុះបណ្តាលនាយទាហានបញ្ជាការ-សេនាធិការចំនួន ២៣វគ្គ មានសិក្ខាកាមសរុប ២,២២៦នាក់ ក្នុងនោះស្ត្រី ២៣នាក់។ ក្រៅពីនេះ វិទ្យាស្ថានក៏បានបើកវគ្គបំប៉នជូនមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានចំនួន ២វគ្គ ដែលមានសិក្ខាកាម ៥០នាក់។

សម្រាប់ទិសដៅបន្ត វិទ្យាស្ថានមានចក្ខុវិស័យពង្រឹងវិន័យ ពង្រីកសមត្ថភាព និងគុណភាពរបស់បុគ្គលិក ជាពិសេសយោធាចារ្យ ព្រមទាំងធ្វើទំនើបកម្មការហ្វឹកហ្វឺន កម្មវិធីសិក្សា និងមេរៀន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ថ្មីៗ និងការរីកចម្រើននៃបច្ចេកវិទ្យាទំនើប៕