កិច្ចប្រជុំពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារ GUANGXI BEIBU GULF BANK (BBG)
ណាននីង-ចិន ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសន្និសីទកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ អាស៊ាន-ចិន (China-ASEAN Financial Cooperation and Development Forum) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ឯកឧត្តម បាន លឹម អគ្គនាយករង ធនាគារ ARDB បានដឹកនាំសហការី ចូលរួមជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយថ្នាក់ដឹកនាំនៃធនាគារ GUANGXI BEIBU GULF BANK (BBG) នៅទីស្នាក់ការកណ្តាលធនាគារ BBG ប្រចាំទីក្រុងណាននីង តំបន់ស្វយ័ត ខេត្តក្វាងស៊ី សាធារណៈរដ្ឋប្រជាមានិតចិន។
មុនឈានដល់ជំនួបពិភាក្សាផ្លូវការ តំណាងភាគីធនាគារ BBG បានអញ្ជើញប្រតិភូធនាគារ ARDB ចូលទស្សនកិច្ចសាលពិព័រណ៍ «បច្ចេកវិទ្យាឌីជីថលនៃធនាគារ Beibu Gulf» (Digital Intelligence Driving a New Beibu Gulf Bank Exhibition Center) ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធប្រតិបត្តិការឌីជីថលទំនើបរបស់ធនាគារ BBG ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យា AI។
ក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តម បាន លឹម អគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី ឯកឧត្តមបណ្ឌិត កៅ ថាច ជូនចំពោះថ្នាក់ដឹកនាំធនាគារ BBG ដែលតែងតែជាធនាគារដៃគូផ្តល់សេវាទូទាត់ឆ្លងដែនយ៉ាងជិតស្និទ្ធជាមួយធនាគារ ARDB។ ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជំរុញការផ្តល់សេវាធនាគារទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ព្រមទាំងការគាំទ្រលើការប្រើប្រាស់បច្ចេកវិទ្យា AI។



