កម្មករនិយោជិតព្រួយបារម្ភពីការបិទរោងចក្រ បន្ទាប់ពីសហជីពខ្លះទាមទារការដំឡើងប្រាក់ឈ្នួល ២៥០ដុល្លារក្នុងការចរចាសម្រាប់ឆ្នាំ២០២៧
(ភ្នំពេញ)៖ កម្មករនិយោជិត ស្នើសុំការដំឡើងប្រាក់ឈ្នួលសមរម្យ ដែលជាការគិតគូរដល់ក្រុងហ៊ុន រោងចក្រ សហគ្រាសឱ្យបន្តអាជីវកម្មបានក្នុងរយៈពេលយូរអង្វែង និងបង្កើតឱកាសការងារបន្ថែមនៅក្នុងប្រទេស ជាជាងការដំឡើងប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែធ្វើឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសត្រូវបង្ខំចិត្តបិទទ្វារ។
លោកស្រី ធន ស្រីពៅ កម្មកររោងចក្រ ព្រីស៊ីសិន ហ្វ៊ូតវែរ(ខេមបូឌា) ឯ.ក បានគាំទ្រសម្រាប់ការទាមទារដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧ ប៉ុន្តែស្នើសុំដំឡើងក្នុងកម្រិតណាមួយ ដែលកម្មករនិយោជិតអាចទទួលយកបាន និងអាចឱ្យរោងចក្រដកដង្ហើមដើរទៅមុខបន្តជាមួយគ្នា។ លោកស្រីថា«ពេលយើងទាមទារប្រាក់ឈ្នួលច្រើនលើសពីសមត្ថភាពខាងក្រុមហ៊ុនគាត់ដំណើរការ ពេលរោងចក្របិទ ចឹងខាងយើងក៏អត់មានការងារធ្វើ ដាច់បាយទាំងអស់គ្នា» ។
លោកស្រីបន្តថា«ខ្ញុំសុំសំណូមពរថា ប្រាក់ឈ្នួលដំឡើងមកសមរម្យ ហើយឱ្យមានការងារធ្វើបន្តនៅក្នុងប្រទេសកម្ពុជា កុំឱ្យថាឡើងប្រាក់ឈ្នួលហើយ អត់មានការងារធ្វើនៅប្រទេសកម្ពុជា គឺយើងខ្ញុំទទួលយកអត់បានទេ»។
ជាមួយគ្នានេះលោកស្រី ម៉ៅ ស៊ីណា ជាកម្មការិនីធ្វើការរោងចក្រជាមួយគ្នា ក៏មានការព្រួយបារម្ភចំពោះការទាមទារការឡើងប្រាក់ឈ្នួលហួសហេតុ ដែលអាចធ្វើឱ្យបាត់បង់នូវផលប្រយោជន៍រួមរបស់កម្មករ។ ក្នុងនោះលោកស្រីមើលឃើញថា ជាជាងការដំឡើងប្រាក់ឈ្នួលដែលខ្ពស់ហួសហេតុខ្លាចជាបន្ទុកធ្ងន់ទៅលើក្រុមហ៊ុន លោកស្រីស្នើសុំទៅកាន់ក្រសួងសូមជួយមានការត្រួតពិនិត្យទៅលើម្ចាស់អាជីវកម្មផ្សេងៗដូចជា ផ្ទះជួល តម្លៃទំនិញដែលសព្វថ្ងៃមានតម្លៃខ្ពស់ និងកើនឡើងជាបន្តបន្ទាប់។
លោកស្រីបញ្ជាក់ថា«បើសិនជារាជរដ្ឋាភិបាលឡើងប្រាក់ឈ្នួលបន្តិចបន្តួចហើយ ខាងផ្ទះជួលមួយចំនួន ផ្ទះដែលខ្ញុំនៅផ្ទាល់ឡើងមួយខែ ៥ដុល្លារ ចឹងហើយឡើងខ្លាំងពេក ក៏ខ្ញុំអត់មានសមត្ថភាពបង់ថ្លៃផ្ទះជួលដែរ ចឹងហើយសូមឱ្យក្រសួងខាងសមត្ថកិច្ចអី ចុះមកត្រួតពិនិត្យខាងផ្ទះជួលផង»។
ក្នុងការវែកញែកចំពោះការចរចាលើប្រាក់ឈ្នួលគោលសម្រាប់ឆ្នាំ ២០២៧នេះ អ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិត ហុង វណ្ណៈ ក៏បានលើកឡើងផងដែរថា ដោយសារតែមានការលេចឡើងនូវសង្រ្គាមនៅខាងមជ្ឈិមបូព៌ា ជាពិសេស គឺសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ ឬក៏ការរាលដាលជុំវិញតំបន់មជ្ឈិមបូព៌ាទៀត វាធ្វើឲ្យមានបញ្ហាទ្វេដង ជាពិសេសគឺទៅលើថ្លៃប្រេង ថ្លៃឧស្ម័ន និងភាពរអាក់រអួលនូវច្រវាក់ផ្គត់ផ្គង់ផ្សេងៗ។
លោកបញ្ជាក់ថា«យោគយល់លើស្ថានភាពទាំងអស់ហ្នឹងហើយ ដែលយើងត្រូវយកមកគិត នៅក្នុងតម្លៃណាមួយ ដែលអាចនឹងទទួលយកបានទាំងអស់គ្នា។ ជាពិសេសអ្នកដែលធ្វើការសម្រេច ក៏ត្រូវយកមូលដ្ឋាននៃប្រាក់ខែគោលបរទេសធ្វើជាសូចនាករមួយ ដើម្បីបង្ហាញទៅភាគីកម្មករនិយោជិតបានយល់ផងដែរ។ ហើយរួមទាំងបញ្ហាអតិផរណា រួមទាំងតម្លៃផ្សេងៗថែមទៀត ដើម្បីធ្វើជាមូលដ្ឋាន» ។
សូមបញ្ជាក់ថា ការចរចាប្រាក់ឈ្នួល ត្រូវបានធ្វើឡើងតាមយន្តការត្រីភាគី ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល និងផ្អែកលើភស្តុតាង ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារការងារ។ សម្រាប់ឆ្នាំ២០២៧ សហជីពមួយចំនួនតូចទាមទារប្រាក់ឈ្នួលគោល ២៥០ដុល្លារ ខណៈកិច្ចចរចាត្រីភាគីបានធ្វើឡើងចំនួន ៥លើករួចមកហើយ៕



