ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះចៅអធិការវត្តកណ្តោលដុំ

ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងបច្ច័យប្រគេន ដល់ព្រះគ្រូអនុគណក្រុងច្បារមន ក្នុងពិធីឈាបនកិច្ចព្រះសព ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ព្រះជំនួយការលេខាអនុគណ និងជាព្រះចៅអធិការវត្តកណ្តោលដុំ ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:១៨នាទី ក្នុងព្រះជន្មាយុ ៥៦ព្រះវស្សា ដោយព្រះរោគាពាធ។

ក្នុងខ្លឹមសារបានបញ្ជាក់ថា ការទទួលអនិច្ចធម្មរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ក្រៀមក្រំមួយសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសហគមន៍ពុទ្ធសាសនា ជាពិសេសចំពោះអ្នកដែលធ្លាប់ទទួលព្រះមេត្តា ព្រះឱវាទ និងការដឹកនាំរបស់ព្រះអង្គ។ ពេញមួយព្រះជីវិតជាសមណៈ ព្រះអង្គបានប្រតិបត្តិ និងបំពេញព្រះសកម្មភាពដោយសេចក្តីជ្រះថ្លា និងការលះបង់ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ជាពិសេសក្នុងវិស័យពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌ ការអប់រំសីលធម៌ និងការបណ្តុះបណ្តាលធនធានព្រះសង្ឃ។ ទោះបីព្រះអង្គបានយាងចាកចេញពីពិភពលោកនេះទៅហើយក្តី ក៏ព្រះគុណូបការៈ ស្នាព្រះហស្ត និងកុសលកម្មដែលព្រះអង្គបានសាង និងបន្សល់ទុក នឹងនៅជាកេរដំណែលដ៏មានតម្លៃសម្រាប់ព្រះពុទ្ធសាសនា សង្គម និងអ្នកជំនាន់ក្រោយ។ ព្រះអង្គបានយាងចាកទៅ ប៉ុន្តែព្រះគុណ និងគុណតម្លៃនៃព្រះសកម្មភាពរបស់ព្រះអង្គ នឹងនៅស្ថិតស្ថេរក្នុងការចងចាំរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសហគមន៍ជានិច្ច។

ក្នុងឱកាសដ៏សោកសៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេក ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងសាច់ញាតិរបស់ព្រះអង្គ ចំពោះការបាត់បង់ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន ដែលជាព្រះសង្ឃមួយអង្គបានចូលរួមចំណែកដ៏មានតម្លៃក្នុងការរួមចំណែកបម្រើព្រះពុទ្ធសាសនា និងសង្គម។

ឯកឧត្តម សូមអនុមោទនាកុសលផលបុណ្យដែលបានប្រព្រឹត្តជូនព្រះសព និងសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយ ថ្វាយជូនព្រះវិញ្ញាណក្ខន្ធ ព្រះធម្មបញ្ញារង្សី ប៉ែន ប៊ុន សូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ បានយាងទៅកាន់សុគតិភព និងសម្រេចបាននូវទីដ៏ប្រសើរ កុំបីឃ្លៀងឃ្លាតឡើយ។