ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល បានផ្តល់អនុសាសន៍គន្លឹះ ៤ចំណុចសំខាន់ៗ ដែលជាជំនួយក្នុងការអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព
១) កសាង «វប្បធម៌សុវត្ថិភាព» (Safety Culture)
២) លើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ ដល់អ្នកដឹកនាំសុខាភិបាល មន្ត្រីសុខាភិបាល និងសាធារណជន អំពីបញ្ហាប្រឈមនៃសុវត្ថិភាពអ្នកជំងឺពាក់ព័ន្ធ ជាពិសេសជំងឺមិនឆ្លង
៣) ជំរុញការចូលរួមពីអ្នកជំងឺ និងសហគមន៍ ក្នុងការកំណត់ស្វែងរកហានិភ័យសុវត្ថិភាព និងការរួមគ្នាកសាងដំណោះស្រាយចំពោះអ្នកជំងឺ ក្នុងការផ្តល់សេវាថែទាំសុខភាព
៤) មន្រ្តីសុខាភិបាលគ្រប់កម្រិត ដែលជាអ្នកទ្រទ្រង់បន្ទុកផ្ទាល់នៃការងារនេះ និងសូមបន្តការយកចិត្តទុកដាក់ដល់អ្នកជំងឺ ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ ដែលត្រូវត្រឡប់មកទទួលសេវានៅមូលដា្ឋនសុខាភិបាលឱ្យកាន់តែងាយស្រួល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្ត គោលនយោបាយសុវត្ថិភាពអ្នកជំងឺ ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពជាបឋម និងការយកចិត្តទុកដាក់ខ្ពស់លើការថែទាំអ្នកជំងឺមិនឆ្លង ដើម្បីរួមចំណែកឆ្ពោះទៅសម្រេចគោលដៅជាតិ និងសកល។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ស្តីពី «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង (Safe Care for Noncommunicable Diseases)» និងពាក្យស្លោក៖ «ការថែទាំប្រកបដោយសុវត្ថិភាព ដើម្បីជីវិត!»នៅថ្ងៃទី១៧ ខែកញ្ញា ព្រឹកមិញនេះ។
ពិធីនេះមានការអញ្ជើញចូលរួម លោក MISUMI Takahito, ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាកដឹកនាំក្រសួង មន្ទីរពេទ្យជាតិ ខេត្ត ស្រុក និងមណ្ឌលសុខភាព ព្រមទាំងគណៈកម្មាធិការចម្រុះអន្តរជាតិ (JCI) និងដៃគូអភិវឌ្ឍន៍ ចូលរួមផ្ទាល់ ៣២០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញ Zoom ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមន្ទីរពេទ្យជាតិ។
នៅទូទាំងសកលលោក ជំងឺមិនឆ្លងគឺជាមូលហេតុចម្បងនៃការស្លាប់រហូតដល់ប្រមាណ បីភាគបួន (៧៥%) នៃករណីស្លាប់សរុប។ ទិន្នន័យពិភពលោកបង្ហាញថា អ្នកជំងឺប្រមាណ ១នាក់ ក្នុងចំណោម ១០នាក់ បានជួបប្រទះគ្រោះថ្នាក់ ឬការប៉ះពាល់ដោយអចេតនានៅចំណុចណាមួយក្នុងដំណើរនៃការថែទាំសុខភាព ហើយអ្វីដែលសំខាន់នោះគឺ ជិតពាក់កណ្តាលនៃគ្រោះថ្នាក់ទាំងនោះ គឺជាគ្រោះថ្នាក់ដែលយើងអាចទប់ស្កាត់បាន!។
សមិទ្ធផលនៃការប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ថ្នាក់ជាតិនេះ គឺមានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO) រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA និងការគាំទ្របច្ចេកទេសពី Joint Commission International និងដៃគូផ្សេងៗទៀត។ តាមរយៈការអនុវត្ត ស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យកម្ពុជា (CHAS) កំណែទី២ បានដាក់បញ្ចូលសុវត្ថិភាពអ្នកជំងឺជាស្នូលសំខាន់ និងផ្តោតលើគុណភាពសេវា។ បន្ថែមលើនេះ គោលនយោបាយជាតិស្តីពីសុវត្ថិភាពអ្នកជំងឺ និងផែនការសកម្មភាពជាតិ ២០២៦-២០៣០ កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យសុីជម្រៅបន្ថែម ដែលនឹងកំណត់ទិសដៅយុទ្ធសាស្ត្រជាតិតែមួយ ចាប់តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាព។
ការប្រារព្ធទិវាសុវត្ថិភាពអ្នកជំងឺ គឺស្របគ្នាទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស។ ជាងនេះទៅទៀត ការធានាឱ្យបាននូវសុវត្ថិភាពអ្នកជំងឺក្នុងការថែទាំជំងឺ ជាពិសេសជំងឺមិនឆ្លង៕



