ឯកឧត្តម កាន់ ផារិទ្ធ៖ ព័ត៌មានក្លែងក្លាយមិនស្គាល់ព្រំដែន ដូច្នេះកិច្ចសហប្រតិបត្តិការក៏មិនគួរកំណត់ដោយព្រំដែនដែរ
ភ្នំពេញ៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានលើកឡើងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន គឺជាកិច្ចការចាំបាច់ ដើម្បីពង្រឹងទំនុកចិត្តសាធារណៈ សាមគ្គីភាពសង្គម សន្តិភាព និងស្ថិរភាពក្នុងតំបន់មេគង្គ-ឡានឆាង។
ថ្លែងក្នុង «វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រកួតប្រជែងពានរង្វាន់មាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងពេញមួយថ្ងៃក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម កាន់ ផារិទ្ធ បានបញ្ជាក់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត បានបង្កើតទាំងឱកាស និងបញ្ហាប្រឈមថ្មីៗក្នុងវិស័យព័ត៌មាន ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មានបំភាន់។
ឯកឧត្តមបានបញ្ជាក់ថា បញ្ហាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សាមគ្គីភាពសង្គម ព្រមទាំងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ដូច្នេះ ការធានាឱ្យសាធារណជនទទួលបានព័ត៌មានទាន់ពេលវេលា ត្រឹមត្រូវ ផ្អែកលើអង្គហេតុ និងអាចជឿទុកចិត្តបាន គឺជាភារកិច្ចដែលត្រូវការកិច្ចសហប្រតិបត្តិការរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម កាន់ ផារិទ្ធ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌមេគង្គ-ឡានឆាង តាមរយៈការបង្កើនការចែករំលែកព័ត៌មាន ការរាយការណ៍ផ្អែកលើអង្គហេតុ ការទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនស្គាល់ព្រំដែនជាតិឡើយ ដូច្នេះកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហានេះ ក៏មិនគួរត្រូវបានកំណត់ដោយព្រំដែនដែរ។ ក្នុងន័យនេះ ប្រទេសសមាជិកមេគង្គ-ឡានឆាង គួរបន្តពង្រឹងការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈរវាងអ្នកសារព័ត៌មាន ព្រមទាំងការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងអក្ខរកម្មឌីជីថល។
ឯកឧត្តម កាន់ ផារិទ្ធ ក៏បានលើកទឹកចិត្តដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាឌីជីថលក្នុងតំបន់ ឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ អំពីវឌ្ឍនភាព និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីបង្កើនការយល់ដឹង ការយល់ចិត្ត និងទំនាក់ទំនងរវាងប្រជាជននៃបណ្តាប្រទេសក្នុងតំបន់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម កាន់ ផារិទ្ធ បានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នាកសាងបរិយាកាសព័ត៌មានដែលមានគុណភាព សុវត្ថិភាព និងគួរឱ្យទុកចិត្ត ព្រមទាំងធានាឱ្យប្រជាជនទទួលបានព័ត៌មានត្រឹមត្រូវ ផ្អែកលើការពិត និងទាន់ពេលវេលា តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងប្រកបដោយការទទួលខុសត្រូវក្នុងក្របខណ្ឌមេគង្គ-ឡានឆាង៕



