ឯកឧត្តម នេត្រ ភក្ត្រា៖ «បង្ការ ផ្ទៀងផ្ទាត់ សហប្រតិបត្តិការ» ជាគន្លឹះកសាងភាពធន់នឹងព័ត៌មានក្លែងក្លាយក្នុងតំបន់មេគង្គ-ឡានឆាង
ភ្នំពេញ៖ ក្នុងបរិបទដែលព័ត៌មានមិនពិត និងព័ត៌មានបំភាន់អាចរីករាលដាលឆ្លងកាត់ព្រំដែនក្នុងរយៈពេលតែប៉ុន្មានវិនាទី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរពីការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ ទៅការកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានដែលមានភាពធន់ និងសុចរិតភាពតាំងពីដំណាក់កាលដំបូង តាមរយៈគោលការណ៍សំខាន់ៗចំនួន៣ គឺ «បង្ការ ផ្ទៀងផ្ទាត់ និងសហប្រតិបត្តិការ»។
ការថ្លែងបែបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពិធីបើក «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ដែលរៀបចំនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្នែកផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបប្រមាណ ៣០០នាក់។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ព័ត៌មានភាន់ច្រឡំ (Misinformation) និងព័ត៌មានក្លែងបន្លំ (Disinformation) មិនមែនជាបញ្ហាប្រឈមរបស់ប្រទេសណាមួយតែមួយនោះទេ ប៉ុន្តែជាបញ្ហាឆ្លងដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការកសាងភាពធន់រួមគ្នា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិត (AI) បានបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍ នវានុវត្តន៍ ការអប់រំ ការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យាទាំងនេះក៏បានបង្កើតបញ្ហាប្រឈមថ្មីៗ ដោយព័ត៌មានមិនពិត រូបភាព វីដេអូ និងសំឡេងក្លែងបន្លំ អាចត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្សរាប់លាននាក់ មុនពេលមានការផ្ទៀងផ្ទាត់។
ជាពិសេស ការរីកចម្រើននៃបច្ចេកវិទ្យា Generative AI និង Deepfake កំពុងធ្វើឱ្យការបែងចែករវាងមាតិកាពិត និងមាតិកាក្លែងក្លាយកាន់តែពិបាក។ ដូច្នេះ សុចរិតភាពព័ត៌មានមិនមែនជាបញ្ហារបស់វិស័យប្រព័ន្ធផ្សព្វផ្សាយតែប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយទំនុកចិត្តសាធារណៈ សុខដុមរមនាសង្គម អភិបាលកិច្ច ភាពធន់ថ្នាក់ជាតិ ទំនុកចិត្តក្នុងតំបន់ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការទទួលខុសត្រូវមិនគួរកំណត់ត្រឹមការកែតម្រូវព័ត៌មានមិនពិត បន្ទាប់ពីវាបានរីករាលដាលរួចហើយនោះទេ ប៉ុន្តែត្រូវឈានទៅកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានដែលមានភាពធន់តាំងពីដំបូង ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានដែលគួរឱ្យទុកចិត្ត ប្រព័ន្ធផ្សព្វផ្សាយអាចប្រកាន់ខ្ជាប់ស្តង់ដារវិជ្ជាជីវៈ ស្ថាប័នសាធារណៈអាចទំនាក់ទំនងបានទាន់ពេលវេលា និងប្រជាពលរដ្ឋមានសមត្ថភាពពិចារណា និងវាយតម្លៃព័ត៌មានដោយខ្លួនឯង។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីបានដាក់ចេញគោលការណ៍សំខាន់ចំនួន៣ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ទី១ «បង្ការ» តាមរយៈការវិនិយោគលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល ការលើកកម្ពស់ការយល់ដឹងសាធារណៈ ការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវ និងការទំនាក់ទំនងដែលគួរឱ្យទុកចិត្ត ជាពិសេសសម្រាប់យុវជន និងសហគមន៍ដែលងាយរងផលប៉ះពាល់ពីព័ត៌មានក្លែងក្លាយ។
ទី២ «ផ្ទៀងផ្ទាត់» តាមរយៈការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ការផ្ទៀងផ្ទាត់ការពិត ការផ្ទៀងផ្ទាត់តាមឌីជីថល ការទំនាក់ទំនងក្នុងពេលមានវិបត្តិ និងការប្រើប្រាស់ឧបករណ៍ដែលផ្អែកលើ AI ដោយមានការទទួលខុសត្រូវ។
ទី៣ «សហប្រតិបត្តិការ» ដោយសារបរិស្ថានព័ត៌មានរបស់ប្រទេសក្នុងតំបន់មានការភ្ជាប់ទំនាក់ទំនងកាន់តែខ្លាំង ដូច្នេះ ត្រូវការបណ្តាញជាក់ស្តែងសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ កិច្ចសហប្រតិបត្តិការវិជ្ជាជីវៈ និងការឆ្លើយតបទាន់ពេលវេលា នៅពេលព័ត៌មានមិនពិតមានផលប៉ះពាល់ឆ្លងប្រទេស។
កម្ពុជាក៏បានបង្ហាញការគាំទ្រចំពោះការពិភាក្សាអំពីយន្តការកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង រួមទាំងលទ្ធភាពនៃការបង្កើត បណ្តាញសុចរិតភាពព័ត៌មានមេគង្គ-ឡានឆាង (Mekong-Lancang Information Integrity Network) និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើការផ្ទៀងផ្ទាត់ការពិត និងការបកស្រាយព័ត៌មានទាន់ហេតុការណ៍។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា គោលដៅនៃកិច្ចសហប្រតិបត្តិការនេះ មិនមែនជាការបង្កើតស្ថាប័នថ្មីមួយដោយឡែកនោះទេ ប៉ុន្តែជាការភ្ជាប់ស្ថាប័ន អ្នកជំនាញ និងយន្តការដែលមានស្រាប់ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែលឿន ជាក់ស្តែង និងមានប្រសិទ្ធភាព ខណៈត្រូវគោរពយ៉ាងពេញលេញចំពោះច្បាប់ជាតិ និងបរិបទរបស់ប្រទេសនីមួយៗ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកអ្នកសារព័ត៌មាន អ្នកផ្ទៀងផ្ទាត់ការពិត អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម យុវជន និងប្រជាពលរដ្ឋថា ជាដៃគូសំខាន់ក្នុងការកសាងសុចរិតភាពព័ត៌មាន។ ពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងឱកាសនេះ ក៏មានគោលបំណងលើកទឹកចិត្ត និងទទួលស្គាល់មាតិកាដែលមានភាពត្រឹមត្រូវ ផ្អែកលើភស្តុតាង មានការច្នៃប្រឌិត មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនអាចកសាងសុចរិតភាពព័ត៌មានដោយខ្លួនឯងបានឡើយ។ អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ប្រភព និងការពិត អ្នកបង្កើតមាតិកាត្រូវមានការទទួលខុសត្រូវ ហើយប្រជាពលរដ្ឋក៏ត្រូវចេះសួរ វាយតម្លៃប្រភព និងពិចារណាមុនពេលចែករំលែកព័ត៌មាន។
សម្រាប់បច្ចេកវិទ្យា AI ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា មិនគួរមើលឃើញ AI ត្រឹមតែជាការគំរាមកំហែងនោះទេ។ ប្រសិនបើប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ បច្ចេកវិទ្យានេះអាចជួយដល់ការតាមដាន ការផ្ទៀងផ្ទាត់ ការពិនិត្យការពិត និងការស្វែងរកមាតិកាកែច្នៃ។ ទោះជាយ៉ាងណា AI គួរតែជាឧបករណ៍គាំទ្រ មិនមែនជំនួសការវិនិច្ឆ័យបែបវិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មនុស្សឡើយ។
ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវឱ្យប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង បន្តរួមគ្នាផ្លាស់ប្តូរពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទៅការកសាងភាពធន់របស់សាធារណជន ពីការកែតម្រូវព័ត៌មានមិនពិត ទៅការពង្រឹងព័ត៌មានដែលគួរឱ្យទុកចិត្ត និងពីសកម្មភាពថ្នាក់ជាតិ ទៅកាន់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់ និងសកលលោក។
ឯកឧត្តមបានគូសបញ្ជាក់ថា «សុចរិតភាពព័ត៌មានពង្រឹងទំនុកចិត្តសាធារណៈ ទំនុកចិត្តសាធារណៈពង្រឹងសុខដុមរមនាសង្គម និងទំនុកចិត្តក្នុងតំបន់ ហើយទំនុកចិត្តទៅវិញទៅមកផ្តល់នូវគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»៕



