ប្រុងប្រយ័ត្នខ្ពស់! ព្យុះ Dujuan វាយប្រហារជប៉ុន—ស្ថានទូតខ្មែរអំពាវនាវឱ្យពលរដ្ឋរៀបចំខ្លួន និងស្វែងរកទីសុវត្ថិភាព

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន មេត្តាជ្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ទីភ្នាក់ងារឧតុនិយមជប៉ុន (Japan Meteorological Agency) បានចេញសេចក្តីជូនដំណឹងអំពីឥទ្ធិពលព្យុះត្រូពិក Dujuan ដែលអាច
នឹងបោកបក់ ចាប់ផ្តើមពីថ្ងៃនេះមកលើប្រជុំកោះ Mariana ប្រជុំកោះ Ogasawara និងតំបន់ Honshuរបស់ប្រទេសជប៉ុន ។
ទីភ្នាក់ងារឧតុនិយម បានចេញសេចក្តី​ណែនាំ​ឲ្យមានការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះរលកទឹកសមុទ្រ​ខ្ពស់ ​និង​ការរអិល​បាក់​ដី​ដែល​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង។ ទន្ទឹមនឹងនេះដែរ ដោយសារភាពមិនប្រកដអំពីការវិវត្តន៍នៃ​ព្យុះត្រូពិក Dujuan មន្ត្រី​ឧតុនិយមបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្តតាមដានព័ត៌មានថ្មីៗអំពីឧតុនិយម។
អាស្រ័យហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងតំបន់អាចរងផលប៉ះពាល់ដោយសារព្យុះខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មាន និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរជប៉ុនជាប្រចាំ ស្នាក់នៅទីកន្លែងដែលមានសុវត្ថិភាព និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។
ក្នុងករណីមានការជម្លៀសប្រជាពលរដ្ឋ ឬប្រសិនបើបងប្អូនទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរណាម្នាក់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតជាបន្ទាន់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan ឬតាមលេខទូរស័ព្ទបន្ទាន់ 080-4689-9374។ស្ថានទូតសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសុខសុវត្ថិភាព និងចៀសផុតពីគ្រោះធម្មជាតិនេះដោយសុវត្ថិភាព។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦

ប្រភពព័ត៌មាន និងរូបភាព: NHK World​​ Japan