«Zero Fake News 2026»៖ កម្ពុជា និងបណ្តាប្រទេសនៅតំបន់មេគង្គ-ឡានឆាង រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងលើកកម្ពស់សុចរិតភាពព័ត៌មាន
ភ្នំពេញ៖ កម្ពុជា និងបណ្តាប្រទេសជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងលើកកម្ពស់សុចរិតភាពព័ត៌មាន ខណៈការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កំពុងធ្វើឱ្យការផលិត និងការចែកចាយព័ត៌មានកាន់តែឆាប់រហ័ស និងទូលំទូលាយ។
ការប្តេជ្ញាចិត្តនេះត្រូវបានបង្ហាញតាមរយៈ «វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ (Zero Fake News Media Forum and Awards 2026)» ដែលក្រសួងព័ត៌មានកម្ពុជា រៀបចំនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង»។
វេទិកានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសសមាជិកអាស៊ានប្រចាំកម្ពុជា មន្ត្រីនាំពាក្យក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញផ្ទៀងផ្ទាត់ព័ត៌មាន តំណាងសង្គមស៊ីវិល ព្រមទាំងវាគ្មិន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សរុបប្រមាណ ៣០០នាក់។
អ្នកចូលរួមមកពីប្រទេសសមាជិកមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីវិធីសាស្ត្ររួមក្នុងការទប់ស្កាត់ការសាយភាយព័ត៌មានមិនពិត ជាពិសេសព័ត៌មានក្លែងក្លាយដែលអាចឆ្លងកាត់ព្រំដែនតាមរយៈបណ្តាញឌីជីថល។
ក្នុងក្របខ័ណ្ឌនៃវេទិកានេះ អ្នកចូលរួមផ្តោតលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ការចែករំលែកបទពិសោធន៍ល្អៗស្តីពីការផ្ទៀងផ្ទាត់ព័ត៌មាន (Fact-checking) និងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល។
បញ្ហាប្រឈមដែលកំពុងកើតឡើងជាមួយការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតមាតិកា និងព័ត៌មានក្លែងក្លាយ ក៏ជាប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សា ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងសាធារណជន ក្នុងការកំណត់អត្តសញ្ញាណ និងផ្ទៀងផ្ទាត់ព័ត៌មាន មុនពេលទទួលយក ឬចែករំលែកបន្ត។
តាមរយៈទិសស្លោក «ផ្ទៀងផ្ទាត់ មុនចែករំលែក (Verify Before You Share)» និង «រួមគ្នាដើម្បីសុចរិតភាពព័ត៌មាន (Together for Information Integrity)» វេទិកានេះក៏បានលើកកម្ពស់ការចូលរួមរបស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការបង្កើតបរិយាកាសព័ត៌មានដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្ត។
ទន្ទឹមនឹងវេទិកាពិភាក្សា ក៏មានការប្រគល់ពានរង្វាន់ «Zero Fake News Media and Content Creator Awards» ជូនដល់ម្ចាស់ជ័យលាភីចំនួន ៥រូប ដែលបានចូលរួមផលិតមាតិកាប្រកបដោយភាពច្នៃប្រឌិត សីលធម៌វិជ្ជាជីវៈ និងមានឥទ្ធិពលវិជ្ជមានដល់សង្គម។
តាមរយៈការរៀបចំវេទិកានេះ កម្ពុជា និងបណ្តាប្រទេសមេគង្គ-ឡានឆាង បានបង្កើនឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ដើម្បីឆ្លើយតបចំពោះបញ្ហាព័ត៌មានមិនពិតដែលអាចសាយភាយបានយ៉ាងឆាប់រហ័សនៅក្នុងបរិយាកាសឌីជីថល។
វេទិកា «Zero Fake News 2026» ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកជំនាញ និងសាធារណជន ក្នុងការលើកកម្ពស់សុចរិតភាពព័ត៌មាន និងពង្រឹងភាពធន់របស់សង្គមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងតំបន់មេគង្គ-ឡានឆាង៕



