ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌

(ទីក្រុងប៉ារីស)៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) បានជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ តាមស្តង់ដាអន្តរជាតិ និងដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជម្រាបជូនលោកជំទាវ Catherine Pégard អំពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងបារំាង-កម្ពុជា ក្នុងគ្រប់ទិដ្ឋភាពជាច្រើនសតវត្សកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បារាំងនៅក្នុងដំណើរនៃការស្វែងរកសន្តិភាព, ការបង្រួបបង្រួមជាតិ, ការស្តារនិងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យនាពេលកន្លងមក ក៏ដូចជាការជួយឧបត្ថម្ភ និងលើកស្ទួយវិស័យវប្បធម៌កម្ពុជា ដូចជាគម្រោងជួសជុលនិងអភិរក្សប្រាសាទ​មេបុណ្យនៅតំបន់អង្គរ និងសារមន្ទីរជាតិ ព្រមទាំងការជួយផ្សព្វផ្សាយវប្បធម៌ ចម្លាក់ និងសិល្បៈខ្មែរ តាមរយៈសារមន្ទីរ Guimet របស់បារាំងជាដើម។

​​ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានជម្រាបជូនលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងបានជ្រាបផងដែរ អំពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ខ្ពស់លើការងារការអភិរក្ស និងការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ដើម្បីអភិរក្សនូវឯកសារជាតិសំខាន់ៗដែលមានតម្លៃជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន និងការពារការចងចាំរបស់ជាតិពីអតីតកាល ពិសេសប្រភពដើមកំណើត និងអត្តសញ្ញាណជាតិ ក៏ដូចជាដើម្បីទ្រទ្រង់ដល់ការការពារជាតិ, ការកសាង, និងការអភិវឌ្ឍជាតិ ព្រមទាំងការសិក្សាស្រាវជ្រាវ និងការបណ្តុះធនធានមនុស្សផងដែរ។ ទន្ទឹមនេះ កម្ពុជាក៏នឹងរៀបចំពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា (២០១៦-២០២៦) ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ដើម្បីបង្ហាញអំពីសិល្បៈ, វប្បធម៌, ប្រពៃណី និងប្រវត្តិសាស្រ្តរបស់កម្ពុជា ព្រមទាំងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរផងដែរ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានស្នើសុំក្រសួងវប្បធម៌បារាំងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងផ្តល់ជំនាញបច្ចេកទេសដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍បណ្ណសារដ្ឋានជាតិ, បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវប្រវត្តិសាស្ត្រ អារ្យធម៌ និងវប្បធម៌ខ្មែរផងដែរ។

លោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌​ ដែលជានិមត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានកោតសរសើចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់តម្លៃខ្ពស់លើកិច្ចការបណ្ណសារ ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ហើយភាគីបារាំងរីករាយក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់ផែនការរយៈពេលវែងរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មបណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ ព្រមទាំងសារមន្ទីរជាតិ បន្ថែមលើគម្រោងកិច្ចសហប្រតិបត្តិការដែលមានពីមុនមក។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង ក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើកិច្ចការមួយចំនួន នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទីស្តីការគណៈរដ្ឋមន្រ្តីរបស់កម្ពុជា និងក្រសួងវប្បធម៌បារាំង សម្រាប់ត្រៀមក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់កម្ពុជានាចុងឆ្នាំ២០២៦នេះ។