កម្មវិធីអប់រំសុខភាព៖ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចំណេះដឹងដែលទទួល បានពីកម្មវិធីថ្ងៃនេះ ទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងចែករំលែកបន្តដល់ក្រុមគ្រួសារ និងសហគមន៍ “ការថែទាំសុខភាពប្រកបដោយសុវត្ថិភាព មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិ បាលតែម្នាក់ឯងទេ ប៉ុន្តែត្រូវការការចូលរួមពីអ្នកជំងឺ គ្រួសារ សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់”។
ការថ្លែងខាងលើបែបនេះ របស់លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយករងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ក្នុងពេលលោកស្រី ចូលរួមក្នុងកម្មវិធីអប់រំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ ក្រោមប្រធានបទ<<ការថែទាំប្រកបដោយសុវត្ថិភាព សម្រាប់ជំងឺមិនឆ្លង>> នៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកស្រីសាស្ត្រាចារ្យជំនួយ នាយករងមន្ទីរពេទ្យ
បានមានប្រសាសន៍បន្តថា ជំនួសមុខឲ្យឯកឧត្តមសាស្ត្រាចារ្យនាយកមន្ទីរពេទ្យ ដូចយើងដឹងហើយថា ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ គឺជាឱកាសដ៏មានសារៈសំខាន់មួយ ដើម្បី លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអ្នកជំងឺ ការការពារហានិភ័យ និងការផ្តល់សេវាថែទាំសុខ ភាព ប្រកបដោយគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព ជាពិសេស សម្រាប់អ្នកជំងឺដែលមាន ជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង ការយល់ដឹង និងការ អនុវត្តការថែទាំខ្លួនឯងបានត្រឹមត្រូវ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយផលវិបាក និង ការសង្គ្រោះបន្ទាន់ដែលអាចកើតមាន។
លោកស្រីសាស្ត្រាចារ្យជំនួយ បានលើកឡើងបន្តថា ការអប់រំសុខភាពនៅថ្ងៃនេះ មានគោលបំណង ដើម្បីផ្តល់ចំណេះដឹង និងបង្កើនការយល់ដឹងដល់ ប្រជាពលរដ្ឋ និងអ្នកជំងឺ អំពីការថែទាំខ្លួនឯងប្រកបដោយសុវត្ថិភាព ការសង្កេតរោគសញ្ញាដែល អាចបង្កគ្រោះថ្នាក់ ការការពារផលវិបាក ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវ និងការស្វែងរកសេវា
សុខាភិបាលឱ្យបានទាន់ពេលវេលា។
ក្នុងកម្មវិធីនេះ យើងនឹងផ្តោតលើប្រធានបទ
សំខាន់ៗចំនួន ៤ រួមមាន៖
ទី១. ការអប់រំអ្នកជំងឺអំពីជាតិស្ករក្នុងឈាមទាប (Hypoglycemia)
បងប្អូននឹងទទួលបានចំណេះដឹងអំពីមូលហេតុ រោគសញ្ញា កត្តាហានិភ័យ វិធីបង្ការ និងវិធីសង្គ្រោះ បឋមនៅពេលមានជាតិស្ករក្នុងឈាមទាប ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា និងកាត់ បន្ថយហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ។
ទី២. ការថែទាំជើងសម្រាប់អ្នកជំងឺទឹកនោមផ្អែម (Diabetic Foot Care)
ការថែទាំជើងបានត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការការពាររបួស ការឆ្លងមេរោគ និងផល វិបាកដែលអាចកើតមាននៅជើងរបស់អ្នកជំងឺទឹកនោមផ្អែម។ អ្នកចូលរួមនឹងបានស្វែងយល់ពីការ ត្រួតពិនិត្យជើងប្រចាំថ្ងៃ ការថែរក្សាអនាម័យជើង និងសញ្ញាដែលត្រូវទៅជួបបុគ្គលិកសុខាភិបាល។
ទី៣. ការអប់រំអ្នកជំងឺអំពីជំងឺគាំងបេះដូង (Heart Attack)
យើងនឹងបង្ហាញអំពីសញ្ញា និងរោគសញ្ញាសំខាន់ៗនៃការគាំងបេះដូង កត្តាហានិភ័យ និងសារៈ សំខាន់នៃការស្វែងរកជំនួយវេជ្ជសាស្ត្រឱ្យបានឆាប់រហ័ស នៅពេលមានរោគសញ្ញាសង្ស័យ។
ទី៤. ការអប់រំអ្នកជំងឺអំពីជំងឺលើសសម្ពាធឈាម (Hypertension)
បងប្អូននឹងទទួលបានចំណេះដឹងអំពីសារៈសំខាន់នៃការវាស់ និងតាមដានសម្ពាធឈាម ការប្រើ ថ្នាំតាមវេជ្ជបញ្ជា ការកែប្រែរបៀបរស់នៅ និងការកាត់បន្ថយកត្តាហានិភ័យ ដើម្បីជួយគ្រប់គ្រងជំងឺ និងការពារផលវិបាករយៈពេលវែង។
ទន្ទឹមនេះដែរ លោកស្រី សាស្ត្រាចារ្យ បាន គូសបញ្ជាក់បន្ថែមថា មន្ទីរពេទ្យនិងដាក់ឲ្យប្រើប្រាស់ សៀវភៅ កំណត់ត្រាជាតិស្ករ ប្រចាំថ្ងៃ របស់មន្ទីរពេទ្យ ដែលរៀបចំ ដោយក្រុមការងារ វេជ្ជសាស្ត្រទូទៅ ផ្នែកទឹកនោមផ្អែមនិង ក្រពេញ។ សៀវភៅនេះ ជាឧបករណ៍ អាចជួយដល់អ្នកកើត ធ្វើការកត់ត្រា និងតាមដានជាតិស្ករ របស់ខ្លួនបាន ត្រឹមត្រូវ ងាយស្រួល ដល់ការព្យាបាល របស់គ្រូពេទ្យ ឲ្យមានប្រសិទ្ធភាព និងមានសារអប់រំមួយចំនួនផងដែរ។
ក្នុងកម្មវិធីទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦ មានការធ្វើបទបង្ហាញចំនួន រួមមាន៖
បទបង្ហាញ៖ «ការគ្រប់គ្រងជាតិស្ករប្រកបដោយសុវត្ថិភាព និងសមស្របតាមអ្នកជំងឺម្នាក់ៗ៖ ការគ្រប់គ្រងជាតិស្ករឱ្យដល់គោលដៅដោយមិនបង្កគ្រោះថ្នាក់» ដោយលោកវេជ្ជបណ្ឌិត មន្ទីរពេទ្យ ព្រះអង្គឌួង។ បទបង្ហាញនេះបានផ្តោតលើសារៈសំខាន់នៃការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យបានសមស្របតាមស្ថានភាពអ្នកជំងឺម្នាក់ៗ ការកំណត់គោលដៅនៃការគ្រប់គ្រងជាតិស្ករ និងការការពារផលវិបាកដែលអាចកើតមានពីការគ្រប់គ្រងជាតិស្ករមិនបានត្រឹមត្រូវ ជាពិសេសការថយចុះជាតិស្ករក្នុងឈាម។
បទបង្ហាញមួយទៀត៖ «តួនាទីគិលានុបដ្ឋាកក្នុងការអប់រំអ្នកជំងឺទឹកនោមផ្អែមអំពីការគ្រប់គ្រងខ្លួនឯង និងការចេញពីមន្ទីរពេទ្យប្រកបដោយសុវត្ថិភាព»។ បទបង្ហាញនេះបានបង្ហាញអំពីតួនាទីសំខាន់របស់គិលានុបដ្ឋាកក្នុងការអប់រំអ្នកជំងឺ និងគ្រួសារ អំពីការគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយខ្លួនឯង ការប្រើប្រាស់ឱសថ ការតាមដានជាតិស្ករក្នុងឈាម អាហារ និងការថែទាំខ្លួននៅផ្ទះ ព្រមទាំងការរៀបចំអ្នកជំងឺឱ្យអាចចេញពីមន្ទីរពេទ្យ និងបន្តការថែទាំនៅផ្ទះបានប្រកបដោយសុវត្ថិភាព៕



