កឃើញវត្តមានសត្វកម្រជិតផុតពូជចំនួន ៣ប្រភេទ ក្នុងតំបន់ការពារ និងអភិរក្ស ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង
ប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជទាំង៣ប្រភេទនេះ មាន៖ សត្វក្ដាន់ សត្វសំពោចធំ សត្វភេរោមច្រមុះ ត្រូវបានថតជាប់ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅតំបន់នោះ ពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ។ នេះជាកំណត់ត្រាប្រវត្តិសាស្រ្តដំបូងបំផុត សម្រាប់តំបន់ការពារ និងអភិរក្ស នៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។
សេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជាក់ថា កំណត់ត្រាដំបូងទាំងនេះ គឺជាសញ្ញាលើកទឹកចិត្តដល់ការអភិរក្សប្រភេទសត្វ ក្នុងចំណោមប្រភេទសត្វថនិកសត្វថ្នាក់ធំដែលរងការគំរាមកំហែងនៅតំបន់ឥណ្ឌូចិន។ កំណត់ត្រាប្រភេទថ្មីៗទាំងនេះ ត្រូវបានរកឃើញនៅក្នុងជម្រកតាមដងព្រែក ដែលជាជម្រករបស់ល្មូនតំណាងជាតិកម្ពុជាគឺសត្វអណ្ដើកលួង។
មន្ត្រីនៃអង្គការដៃគូអភិរក្ស បាននិយាយថា ការរកឃើញសត្វទាំង៣ប្រភេទនេះ គឺជាលទ្ធផលគួជាទីមោទនៈ។កំណត់ត្រាជាលើកដំបូងទាំងនេះ បានផ្ដល់ក្ដីសង្ឃឹមជាថ្មីម្ដងទៀតសម្រាប់ការអភិរក្សប្រភេទសត្វថនិកសត្វដ៏កម្រ ដែលងាយរងគ្រោះថ្នាក់ខ្លាំងឈាន ទៅរកការផុតពូជ។ វត្តមានរបស់ប្រភេទសត្វខាងលើ ជាកាជាការជំរុញដល់ដំណើរការអភិរក្សឱ្យកាន់តែមុតមាំបន្ថែមទៀត ចំពោះជម្រកសត្វលើដីជុំវិញប្រព័ន្ធព្រែកស្រែអំបិល។
ចំណែក លោក អ៊ុក វិបុល មន្ត្រីនៃអគ្គនាយកដ្ឋានជលផល មានប្រសាសន៍ថា កំណត់ត្រាថ្មីៗអំពីប្រភេទថនិកសត្វទាំងនេះ បានពង្រឹងបន្ថែមនូវសារៈសំខាន់ថ្នាក់ជាតិ និងអន្តរជាតិ នៃតំបន់ដីសើមស្រែអំបិល ព្រមទាំងបង្ហាញថា ការវិនិយោគប្រកបដោយចីរភាពលើការការពារជម្រកសត្វ ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយសហគមន៍មូលដ្ឋាន នៅតែបន្តផ្តល់នូវលទ្ធផលអភិរក្សដ៏មានអត្ថន័យ។
ដូចគ្នានេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា កំណត់ត្រានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវការរស់រានតជំនាន់នៃសត្វព្រៃកម្រ។
តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង គឺជាប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើមតំបន់ឆ្នេរដ៏មានសារៈសំខាន់ ដែលមានដូចជា ប្រព័ន្ធព្រែក ព្រៃកោងកាង វាលភក់ និងតំបន់ដីមមោក។ ទាំងនេះជាទីជម្រកសម្រាប់ប្រភេទជីវចម្រុះសំខាន់ៗ ជាពិសេសប្រភេទសត្វកម្រ ដែលបច្ចុប្បន្ននេះទើបប្រទះឃើញប្រភេទសត្វជិតផុតពូជចំនួន ៣ប្រភេទនេះ៕



