CMAC ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាជិកព្រឹទ្ធសភាជប៉ុន ដោយបានបង្ហាញជូនពីសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាមួយនិងការបង្ហាញជូននូវបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កឡើងពីការឈ្លានពានកម្ពុជាដោយយោធាថៃ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុនចំនួន៣រូប រួមមាន ឯកឧត្តម HIGASHINO Hideki លោកជំទាវ MIKAMI Eri និងលោកជំទាវ SHIRAKAWA Yoko សមាជិកព្រឹទ្ធសភា អមដោយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រធានJICA ប្រចាំកម្ពុជា និងសហការី ក្នុងឪកាសអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការ នៅទីបញ្ជាការCMAC រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែល CMAC សម្រេចបានក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងរយៈពេល៣៤ឆ្នាំកន្លងមកនេះ អំពីវឌ្ឍនភាព និងសមិទ្ធផលនានា រួមមាន៖ ១. បញ្ហាប្រឈមនៃសំណល់យុទ្ធភណ្ឌសង្គ្រាម និងសមិទ្ធផលបោសសម្អាតមីន ២. សង្គ្រាមសៀមឈ្លានពានឆ្នាំ២០២៥ និង ៣. កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា លើការបោសសម្អាតមីន ការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានោះ ឯកឧត្តមប្រតិភូ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីយ៉ាងសំខាន់នៃគម្រោងជំនួយនានារបស់ប្រទេសជប៉ុន និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងការគាំទ្រសមត្ថភាពបច្ចេកទេសដល់អង្គភាព CMAC ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃប្រតិបត្តិការរបស់ CMAC រហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមប្រតិភូ បានថ្លែងអរគុណប្រទេសជប៉ុន និងប្រជាជនជប៉ុនចំពោះការផ្តល់ជំនួយមកដល់អង្គភាពCMAC និងក៏បានស្នើសុំឱ្យប្រទេសជប៉ុនបន្តជួយក្នុងវិស័យមីនបន្តទៅឆ្នាំខាងមុខទៀតផងដែរ។
បន្ទាប់ពីកិច្ចប្រជុំ គណៈប្រតិភូបានអញ្ជើញទស្សនាសាលពិព័រណ៍ និងស្វែងយល់បន្ថែមពីពិព័រណ៍រូបភាព ស្តីពីប្រវត្តិបេសកកម្ម និងសមិទ្ធផលរបស់ CMAC ក្នុងការរួមចំណែកដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនៅកម្ពុជា និងទស្សនាការបង្ហាញជាក់ស្តែងអំពីសមត្ថភាព បច្ចេកវិទ្យា និងឧបករណ៍បោសសម្អាតមីនដែលអង្គភាព CMAC បាននឹងកំពុងប្រើប្រាស់ក្នុងប្រតិបត្តិការស្រាវជ្រាវ និងការបោសសម្អាតមីន រួមមាន គ្រឿងចក្របោសសម្អាតមីន ម៉ាស៊ីនរាវមីនALIS ម៉ាស៊ីនរ៉ូបូតបោសសម្អាតមីន ព្រមទាំងការបង្ហាញសមត្ថភាពប្រតិបត្តិការសុនខហិតរកមីន និងសម្ភារៈប្រតិបត្តិការបោសសម្អាតមីនក្រោមទឹកផងដែរ។
ដំណើរទស្សនកិច្ចនេះ ពិតជាបានផ្តល់ឱកាសដល់គណៈប្រតិភូជប៉ុន ឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីបទពិសោធន៍ និងសកម្មភាពរបស់ CMAC ក្នុងវិស័យសកម្មភាពកម្ចាត់មីន ព្រមទាំងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមដែលបន្សល់ទុកពីសង្គ្រាមពីអតីតកាល និងសង្រ្គាមឈ្លានពានពីសំណាក់យោធាថៃឆ្នាំ២០២៥ថ្មីៗនះ ដើម្បីរួមចំណែកការពារសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់សមាជិកព្រឹទ្ធសភាជប៉ុន ចំពោះ វិស័យសកម្មភាពមីននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើន និងរឹងមាំទ្វេឡើងបន្ថែមទៀត៕



