អ្នកសារព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យា AI និងបានភ្លក្សរសជាតិកាហ្វេដែលឆុងដោយរ៉ូបូត ក្នុងឱកាសពិព័រណ៍ CAEXPO លើកទី២៣ នៅទីក្រុងណាននីង
ណាននីង៖ ក្នុងដំណើរបំពេញបេសកកម្មយកព័ត៌មាននៃពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (The 23rd CAEXPO) តំណាងអ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) បានអញ្ជើញចូលរួមជាមួយអ្នកសារព័ត៌មានចិន និងអន្តរជាតិជាច្រើន ក្នុងសកម្មភាពទស្សនកិច្ចរួមគ្នាក្រោមប្រធានបទ «ឆ្ពោះទៅកាន់អនាគតបៃតង និងនវានុវត្តន៍» ដើម្បីស្វែងយល់ជាក់ស្តែងពីសមិទ្ធផលបច្ចេកវិទ្យា AI គំរូសេដ្ឋកិច្ចឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យទំនើបរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Runjian នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានស្វែងយល់ពីការវិវត្តនៃក្រុមហ៊ុន Runjian ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ន ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោមក្រុមហ៊ុនសូហ្វវែរ (Software) កំពូលទាំង ១០០ របស់ប្រទេសចិន និងបានពង្រីកសេវាកម្មទិន្នន័យ (Data Center) ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) គ្របដណ្តប់លើបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម និងហ្វីលីពីន ជាមួយគម្រោងសរុបជាង ៥០០ គម្រោង។
ចំណុចទាក់ទាញអារម្មណ៍យ៉ាងខ្លាំងមួយក្នុងដំណើរបំពេញទស្សនកិច្ចនេះ គឺវត្តមានរបស់ រ៉ូបូតឆុងកាហ្វេស្វ័យប្រវត្តិ (Coffee Robot) ដែលបម្រើជូនភ្ញៀវដោយផ្ទាល់។ រ៉ូបូតនេះអាចរៀបចំកែវ ចុចបញ្ជាម៉ាស៊ីនឆុងកាហ្វេ និងលើកហុចជូនភ្ញៀវយ៉ាងស្ទាត់ជំនាញ ដោយមិនបាច់ពឹងផ្អែកលើមនុស្សឡើយ។ ជាមួយគ្នានេះ អ្នកសារព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ក៏បានភ្លក្សរសជាតិកាហ្វេដែលឆុងដោយដៃមនុស្សយន្ត AI ផ្ទាល់ ដែលបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យាឌីជីថលក្នុងការរួមបញ្ចូលជាមួយជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងរស់រវើក។
ទន្ទឹមនឹងនេះ ក៏បានទស្សនាការបង្ហាញសមត្ថភាពរបស់សត្វឆ្កែយន្តឆ្លាតវៃ (Robot Dog) ឈ្មោះ «Bènben» ដែលមានសមត្ថភាពធ្វើចលនាយ៉ាងរហ័សរហួន ឆ្លើយឆ្លងជាសំឡេង និងអាចបំពេញភារកិច្ចចុះត្រួតពិនិត្យការដ្ឋានគ្រោះថ្នាក់ជំនួសកម្លាំងពលកម្មមនុស្ស (ដូចជានៅតាមស្ថានីយថាមពលពន្លឺព្រះអាទិត្យ និងស្ថានីយអគ្គិសនី)។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវការដាក់ពង្រាយប្រព័ន្ធយន្តហោះដ្រូនគ្មានមនុស្សបើក (Drone) ស្វ័យប្រវត្តិចុះល្បាត និងគ្រប់គ្រងសណ្តាប់ធ្នាប់ទីក្រុង ព្រមទាំងការប្រើប្រាស់ប្រព័ន្ធទិន្នន័យធំ (Big Data) និង AI ក្នុងការវិភាគគុណភាពដី តាមដានសត្វល្អិតចង្រៃ និងណែនាំកសិករពីវិធីសាស្ត្រដាំដុះដំណាំឱ្យទទួលបានទិន្នផលខ្ពស់។
តាមរយៈដំណើរទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់ពីការបោះជំហានយ៉ាងលឿននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលកំពុងប្រែក្លាយពីការស្រាវជ្រាវទ្រឹស្តី មកជាឧបករណ៍អនុវត្តជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ និងសេដ្ឋកិច្ចឧស្សាហកម្ម ព្រមទាំងបើកបង្ហាញនូវសក្តានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការឌីជីថលរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ។



