មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យាថាមពលស្អាត ឌីជីថលឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងឱកាសចូលរួមយកព័ត៌មាននៃពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
ណាននីង៖ ក្នុងឱកាសចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (The 23rd CAEXPO)» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តំណាងមន្ត្រីអ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូអ្នកសារព័ត៌មានអន្តរជាតិ ចុះទស្សនកិច្ចស្វែងយល់ជាក់ស្តែងអំពីការអភិវឌ្ឍវិស័យថាមពលស្អាត បរិវត្តកម្មឌីជីថលឆ្លាតវៃ និងច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារបានស្វែងយល់អំពីសក្តានុពលរបស់ក្រុមហ៊ុន គួយក្វាន ផៅវ័រ (Guangxi Guiguan Electric Power) ដែលជាសហគ្រាសថាមពលឈានមុខគេ និងមានមូលធននីយកម្មទីផ្សារធំជាងគេនៅក្វាងស៊ី។ គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុនមានសមត្ថភាពដំឡើងថាមពលសរុបជាង ១៥ លានគីឡូវ៉ាត់ ក្នុងនោះថាមពលស្អាត (រួមមាន វារីអគ្គិសនី ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ) គ្របដណ្តប់រហូតដល់ជាង ៩១%។
ជាពិសេសលើកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ាន និងកម្ពុជា ក្រុមហ៊ុនបានបង្ហាញពីសមិទ្ធផលជាក់ស្តែងនៃការអនុវត្តគោលការណ៍ការទូត «ស្មោះត្រង់ រាក់ទាក់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបើកចំហ» ដោយបានចូលរួមសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល (230 kV) កាត់ខេត្ត-រាជធានីចំនួន ៦ ក្នុងប្រទេសកម្ពុជា ព្រមទាំងគម្រោងថាមពលជាច្រើនទៀតនៅឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។
ទន្ទឹមនឹងនេះ គណៈប្រតិភូអ្នកសារព័ត៌មានទាំងអស់បានទស្សនាប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ «1 + N + X» របស់ក្រុមហ៊ុន ដែលរួមបញ្ចូលការបញ្ជាបែងចែកធនធានទឹកឆ្លាតវៃ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពទំនប់តាមផ្កាយរណប BeiDou លើទំនប់ចំនួន ២៦ កន្លែងតាមពេលវេលាជាក់ស្តែង និងការបង្កើតម៉ូឌែលធំឧតុនិយមថាមពល «យូហឹង (Yuheng)» ដែលជាសមិទ្ធផល AI ឈានមុខគេមួយត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍ CAEXPO និងដាក់ឱ្យដំណើរការនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ AI ណាននីង (Nanning AI Compound)។
ក្រៅពីវិស័យថាមពល ក្រុមការងារក៏បានស្តាប់បទបង្ហាញ និងទស្សនាការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ តាមរយៈគម្រោងព្រែកជីកពីងលូ (Pinglu Canal) និងជណ្តើរលើកនាវា (Ship Lock) នៅស្ថានីយវារីអគ្គិសនីស៊ីជីន (Xijin) ដែលបានពង្រីកសមត្ថភាពឱ្យកប៉ាល់ចំណុះពី ១,០០០ ទៅ ៣,០០០ តោន ធ្វើចរាចរណ៍ឆ្លងកាត់បាន។ គម្រោងនេះនឹងជួយសម្រួលដល់លំហូរដឹកជញ្ជូនទំនិញរាប់សិបលានតោនក្នុងមួយឆ្នាំ និងបើកផ្លូវទឹកតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ពីក្វាងស៊ី ទៅកាន់កំពង់ផែភូនីងនៃប្រទេសវៀតណាម នាពេលខាងមុខ។
ជារួម ដំណើរទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ពីសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាត ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងឆ្លាតវៃតាមរយៈបញ្ញាសិប្បនិម្មិត (AI) និងការតភ្ជាប់បណ្តាញផ្លូវទឹកអន្តរជាតិ។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជាគំរូនៃចក្ខុវិស័យអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។








