ប្រជាជនយ៉េម៉ែនរាប់ពាន់នាក់បានរត់គេចពីការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗរបស់ក្រុមហ៊ូធី ដែលបានអុកឡុកការរស់របស់ពួកគេមិនឈប់មិនឈរអស់រយៈ១២ឆ្នាំមកហើយ
ប្រជាជនរាប់ពាន់នាក់នៅក្នុងប្រទេសយេម៉ែនកំពុងរត់គេចពីការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសរបស់ពួកគេ ចាប់ពីនៅថ្ងៃអង្គារនេះ នៅទីតាំងដែលពួកគេបានតាំងទីលំនៅបណ្តោះអាសន្ននៅតាមទីវាលផង និងស្វែងរកជម្រកនៅក្រោមម្លប់ដើមឈើផង។ សម្រាប់មនុស្សជាច្រើន ការផ្ទុះឡើងវិញនៃអំពើហិង្សានេះ គឺមានន័យថាពួកគេត្រូវចាកចេញពីលំនៅឋានម្តងទៀត ហើយផ្លាស់ទៅកាន់ជំរុំបណ្តោះអាសន្នថ្មីមួយទៀតសម្រាប់ជនភៀសខ្លួន។ រដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងប្រទេសអារ៉ាប៊ីសាអូឌីត បាននិងកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីអស់រយៈពេល ១២ ឆ្នាំមកហើយ។ ការវាយលុកថ្មីៗរបស់ក្រុមហ៊ូធីបានធ្វើឱ្យអំពើហិង្សាកើនឡើងកាន់តែធ្ងន់ធ្ងរ និងបានបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ ដែលធ្លាប់បានបញ្ឈប់សង្គ្រាមស៊ីវិលនៅទូទាំងប្រទេសយេម៉ែនស្ទើរតែទាំងស្រុងចាប់តាំងពីឆ្នាំ ២០២២ មក។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ការប្រយុទ្ធគ្នារវាងក្រុមហ៊ូធី និងកងកម្លាំងដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានសម្លាប់មនុស្សជាង ៥០០ នាក់ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ ដែលកើនឡើងពីចំនួនជិត ២០០ នាក់នៅក្នុងសប្តាហ៍មុននោះ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA(អូចា) បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១២៥,០០០នាក់បានក្លាយជាជនភៀសខ្លួនថ្មី ដោយសារការប្រយុទ្ធគ្នាក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផ្នែកមនុស្សធម៌ជួបការលំបាកដោយសារការប្រយុទ្ធគ្នារបស់ពួកគេ ដោយកាត់ផ្តាច់ផ្លូវគមនាគមន៍ និងការរឹតបន្តឹងនូវការចូលទៅកាន់តំបន់នានា ព្រមទាំងកង្វះខាតថវិកាផងដែរ។ ខេត្ត Taiz ដែលស្ថិតនៅភាគនិរតីនៃប្រទេសយេម៉ែន បានទទួលជនភៀសខ្លួនថ្មីៗភាគច្រើន ប៉ុន្តែមនុស្សជាច្រើននាក់ទៀតក៏បានរត់គេចពីតំបន់ឆ្នេរសមុទ្រ ដោយឆ្លងកាត់ភ្នំ និងផ្លូវថ្នល់ដ៏លំបាក ដើម្បីទៅកាន់តំបន់ភាគខាងត្បូងផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



