ឯកឧត្តម ឈិន កេតនា ÷ គណៈប្រតិភូ ៦៤ ក្រសួង-ស្ថាប័ន នឹងចូលរួមពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៅពេលខាងមុខ

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះកម្ពុជានឹងរៀបចំ «ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ» លើកទី២ យ៉ាងអធិកអធមជាប្រវត្តិសាស្ត្រ ដើម្បីអបអរសាទរខួប ៣៣ឆ្នាំ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលជាច្បាប់កំពូលរបស់ជាតិ។ដើម្បីធានាឱ្យព្រឹត្តិការណ៍ជាតិដ៏មានអត្ថន័យនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបើកកិច្ចប្រជុំអន្តរក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកំណត់ផែនការសកម្មភាព និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម តាំង រតនា អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងតំណាងឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។ការប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកនេះគឺជា «និមិត្តរូបនៃមោទនភាពជាតិ» ដែលស្ដែងចេញពីការចងចាំ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ នៅគ្រាដែលកម្ពុជាបានចាប់ផ្តើមប្រកាន់យកនូវតម្លៃសន្តិភាព សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំជូនប្រជាពលរដ្ឋគ្រប់រូប។ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនឹងចាប់ផ្តើមឡើងចាប់ពីម៉ោង ៦:០០ ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅឯសួនច្បារខាងលិចវិមានឯករាជ្យ ដោយមានគណៈប្រតិភូមកពី ៦៤ ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមយ៉ាងកកកុញ។ គណៈប្រតិភូនីមួយៗនឹងអញ្ជើញកាន់ «ក្រពុំបិណ្ឌផ្កាឈូក» ធ្វើឡើងយ៉ាងផ្ជិតផ្ចង់ពីផ្កាឈូកស្រស់ចំនួន ៩ថ្នាក់ ជាមួយនឹងទម្រពណ៌មាសរំលេចដោយរុយបង់ព័ទ្ធជុំវិញយ៉ាងប្រណិត ដើម្បីអញ្ជើញយកទៅដាក់និងគោរពរដ្ឋធម្មនុញ្ញនៅ «នីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ»។នៅក្នុងអង្គប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យតំណាងក្រសួង-ស្ថាប័នទាំងអស់ នាំយកស្មារតី និងលទ្ធផលនៃកិច្ចប្រជុំទៅរាយការណ៍ជូនថ្នាក់ដឹកនាំរៀងៗខ្លួន ដើម្បីពង្រឹងកិច្ចសហការ និងអនុវត្តការងារឱ្យសម្រេចបានលទ្ធផលល្អប្រសើរបំផុត។អ្វីដែលជាខ្លឹមសារស្នូលនៃការប្រារព្ធពិធីនេះ គឺការបន្ត «ដាស់ស្មារតី និងផ្សព្វផ្សាយ» ឱ្យសាធារណជន ជាពិសេសគឺស្រទាប់យុវជន និងអ្នកបន្តវេនជំនាន់ក្រោយ បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃឥតកាត់ថ្លៃបាននៃរដ្ឋធម្មនុញ្ញ។ ការយល់ដឹងនេះ នឹងក្លាយជាគ្រឹះស្មារតីដ៏រឹងមាំមានមោទនភាព និងឆន្ទៈម្ចាស់ការក្នុងនាមជាពលរដ្ឋខ្មែរ ដែលរួមគ្នារក្សាការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យបានគង់វង្ស។ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ លើកទី២ នាពេលខាងមុខនេះ មិនត្រឹមតែជាការរំលឹកប្រវត្តិសាស្ត្រ ៣៣ឆ្នាំ នៃច្បាប់កំពូលជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការរួបរួមសាមគ្គីភាពរវាងស្ថាប័នរដ្ឋ និងប្រជាជាតិទាំងមូលក្រោមឆ័ត្រនៃរដ្ឋធម្មនុញ្ញតែមួយ។