ភ្នំពេញ ៖ នៅក្នុងរយៈពេល ៨ ខែ ២០២៦ កម្ពុជារកចំណូលបានចំនួន ៤៨៩ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១,៨៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ឲ្យដឹងថា ផ្ទៃដីដាំដុះដំឡូងមីបានថយចុះ ៣០% នៅឆ្នាំនេះ បន្ទាប់ពីតម្លៃដំឡូងមីបានធ្លាក់ចុះកាលពីឆ្នាំ ២០២៤-២០២៥ និងកសិករខ្វះពូជ។
លោកបន្ថែមថា បច្ចុប្បន្ន តម្លៃទីផ្សារដំឡូងមីស្រស់បានកើនឡើងវិញ ដោយលក់បានចន្លោះពី ៣៩០-៤៨០ រៀល ក្នុងមួយគីឡូក្រាម។ តម្លៃដំឡូងមីកើនឡើង ដោយសារតម្រូវការសកល និងការប្រែប្រួលតម្លៃ ៤ ទៅ ១០ ឆ្នាំម្ដង។
លោកបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៦ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់ រហូតដល់ជាង ៦០០ រៀល ក្នុងមួយគីឡូក្រាម។ ទីផ្សារនាំចេញដំឡូងមីរបស់កម្ពុជា មានប្រទេសវៀតណាម ចិន និងប្រើប្រាស់ក្នុងស្រុក។
រាជរដ្ឋាភិបាលបានខិតខំជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ប្រៀបធៀបនឹងឆ្នាំ ២០២៤ ចំណែកបរិមាណនាំចេញដំឡូងមីស្រស់មានចំនួន ៣ ១០៥ ៥០០ តោន ធ្លាក់ចុះ ៩,៨២% រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន៕



