មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ចេញ សេចក្តីណែនាំពីបច្ចេកទេសសំខាន់ៗ ចំនួន៧ចំណុច ស្តីពីការថែទាំដំណាំស្រូវ
ខេត្តកំពង់ស្ពឺ ៖ យោងតាមសេចក្តីប្រកាសរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានចេញសេចក្តីណែនាំដល់បងប្អូនប្រជាពលរដ្ឋ កសិករ ជាម្ចាស់ស្រែទូទាំងខេត្តកំពង់ស្ពឺ ដែលជួបប្រទះបញ្ហាប្រឈមគ្រោះរាំងស្ងួតអូសបន្លាយកន្លងមក ដើម្បីថែបំប៉នដំណាំស្រូវ ក្រោយរងផលប៉ះពាល់មកជាល្អ និងទទួលបានផលចំនួន៧ចំណុចសំខាន់ៗ។
ក្នុងសេចក្តីណែនាំស្តីពីការថែបំប៉នដំណាំស្រូវ ក្រោយរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត៖ ក្នុងឆ្នាំ២០២៦នេះ នៅមូលដ្ឋានខេត្តកំពង់ស្ពឺ ក៏ដូចជាតំបន់ជាច្រើន ទូទាំប្រទេស បានទទួលរងឥទ្ធិពល ពីបាតុភូត El Niño ដែលបានធ្វើឱ្យអាកាសធាតុមានភាពក្តៅ ភ្លៀងធ្លាក់មិនទៀងទាត់ បណ្តាលឱ្យតំបន់មួយចំនួនជួបប្រទះគ្រោះរាំងស្ងួត និងការខ្វះទឹកសម្រាប់ផលិតកម្មដំណាំស្រូវ។
ការខ្វះទឹកអូសបន្លាយបានធ្វើឱ្យដំណាំស្រូវមួយចំនួនអាក់ខានក្នុងការលូតលាស់ និងងាប់ដើមខ្លះជាអន្លើៗ ដែលអាចប៉ះពាល់ដល់សក្តានុពលទិន្នផល។ ដើម្បីសង្គ្រោះដំណាំស្រូវ ថ្នាក់ដឹកនាំខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអន្តរាគមន៍បូមបាចសង្គ្រោះដំណាំស្រូវបានមួយចំនួន ។ ជាមួយគ្នានេះ ប៉ុន្មានថ្ងៃចុងក្រោយ លក្ខខណ្ឌធាតុអាកាសអំណោយផលមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំងនៅទូទាំងខេត្ត បានធ្វើឱ្យដំណាំស្រូវ ដែលនៅមានជីវិតចាប់ផ្តើមលូតលាស់ឡើងវិញជាធម្មតា ។
ដើម្បីឱ្យដំណាំស្រូវលូតលាស់ល្អ កាត់បន្ថយការខូចខាត និងរក្សាសក្តានុពលទិន្នផលនៅពេលប្រមូលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ សូមផ្តល់ជូនបងប្អូនប្រជាកសិករ នូវ សេចក្តីណែនាំពីបច្ចេកទេសសំខាន់ៗស្តីពីការថែទាំដំណាំស្រូវ សម្រាប់ផលិតកម្មស្រូវក្នុងរដូវវស្សានេះ ដូចខាងក្រោម៖
. ត្រួតពិនិត្យស្រែជាប្រចាំ និងកម្ចាត់ស្មៅចង្រៃក្នុងស្រែ ដើម្បីកុំឱ្យប្រកួតប្រជែងទឹក និងជីជាមួយដំណាំស្រូវ
. ថែទាំភ្លឺស្រែឱ្យបានគត់មុត ដើម្បីរក្សាទឹកក្នុងស្រែឱ្យបានច្រើន ក្រែងជួបគ្រោះរាំងស្ងួតចុងរដូវ
. ដកសំណាប ឬដើមស្រូវមានសុខភាពល្អ ដើម្បីស្ទូងជួសកន្លែងដែលដំណាំស្រូវងាប់ ឬដុះរង្វើលពេក
. ប្រើប្រាស់ជីបំប៉ន បន្ទាប់ពីឃើញឬសថ្មីចាប់ផ្តើមលេចចេញ ដើម្បីឱ្យដំណាំស្រូវលូតលាស់ល្អឡើងវិញ
. ពិនិត្យស្រែជាប្រចាំ និងកម្ចាត់សត្វល្អិត ឬជំងឺ ក្នុងករណីមានការផ្ទុះរាលដាលផ្សេងៗ
. ត្រូវផ្តល់ព័ត៌មានមកមន្ត្រីកសិកម្មឃុំ ក្នុងករណីកើតមានសត្វល្អិត និងជំងឺ ដើម្បីទទួលបានការប្រឹក្សាយោបល់ និងចាត់វិធានការបានទាន់ពេលវេលា
. តាមដានព័ត៌មាននៃការព្យាករធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមជាប្រចាំ។
ក្រោយពីទទួលបានសេចក្តីណែនាំខាងលើនេះ សូមបងប្អូនប្រជាកសិករ មេត្តាយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំ បច្ចេកទេសខាងលើឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឱ្យដំណាំស្រូវស្តារការលូតលាស់ឡើងវិញ បង្កើនទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ច។ សូមបងប្អូនប្រជាកសិករ មេត្តាទទួលជ្រាប និងចូលរួមអនុវត្តទាំងអស់គ្នាឱ្យមានប្រសិទ្ធភាពខ្ពស់៕



