ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីសវនកម្ម ព្រមទាំងផ្ដល់នូវចំណេះដឹងជូនអង្គភាពដែលជាសវនដ្ឋានទាំងអស់ នៃក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានីខេត្ត ដោយផ្តោតលើមូលដ្ឋានគ្រឹះ តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីសវនកម្មផ្ទៃ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើការបង្កើន ភាពសន្សំសំចៃ ប្រសិទ្ធភាពនិងប្រសិទ្ធផល នៃការអនុវត្តកម្មវិធី ឬអនុលោមភាពនៃការអនុវត្តការងាររបស់អង្គភាពក្រោមឱវាទក្រសួងទេសចរណ៍។

ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្ដម និងលោក ជាវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ជាសិក្ខាកាមទាំងអស់ ប្រមាណ ២០០នាក់។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនថាការងារសវនកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងតែងតែទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ចាប់តាំងពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចតេជោ បានដាក់ចេញនូវអភិក្រមទាំង៥ គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនបន្ថែមថា មកដល់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី

ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានស្នូលនៃយុទ្ធសាស្ត្រផ្តោតលើ ការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយ សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដោយអនុលោមតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ក្នុងនីតិកាលនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ ក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ដែលជាលិខិតូបករណ៍ដ៏សំខាន់មួយក្នុងការពង្រឹងប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នៃមុខងារត្រួតពិនិត្យ សវនកម្ម និងអធិការកិច្ច និងទាមទារឱ្យមានការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា សវនកម្មសមិទ្ធកម្ម គឺជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់វែងគុណភាពនៃការអនុវត្តការងារ ធានាថាធនធានសាធារណៈត្រូវបានប្រើប្រាស់ប្រកបដោយភាពសន្សំសំចៃ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ព្រមទាំងរួមចំណែកពង្រឹងគណនេយ្យភាព តម្លាភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។ 

ថ្លែងមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសសន៍ណែនាំដល់សិក្ខាកាមទាំងអស់បន្តប្រើប្រាស់ចំណេះដឹង បទពិសោធ និងសមត្ថភាពដែលមានទៅបំពេញការងារនៅអង្គភាពរបស់ខ្លួន ដោយឈរលើអភិក្រម “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ”, ឈរលើស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម, ព្រមជាមួយនឹងការប្រកាន់ខ្ជាប់នូវវិន័យ, មនសិការវិជ្ជាជីវៈ, ក្រមសីលធម៌ និងការគោរពអភិក្រមទាំង ៥ ឱ្យបានខ្ជាប់ខ្ជួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ៕