និយាមកាបង្គោលព្រំដីព្រែកជីកហ្វូណនតេជោត្រូវកែសម្រួលថ្មីដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋ

ថ្លែងនៅក្នុង កិច្ចប្រជុំពិភាក្សាអំពីការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ  ផ្ទៀងផ្ទាត់ កែសម្រួលនិយាមកា និងបោះបង្គោលព្រំដីបន្ថែមនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ (កំណាត់ទី២) នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទុរេនខេត្តកំពត  ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា តាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រុមការងារបានពិនិត្យ និងកែសម្រួលនិយាមកាតាមតម្រាយព្រែកជីកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ព្រមទាំងកាត់បន្ថយចំនួនគ្រួសារដែលរងផលប៉ះពាល់ ខណៈតម្រូវការបច្ចេកទេស និងសុវត្ថិភាពនៅតែត្រូវបានធានា។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា នៅក្នុងខេត្តកំពត ការកែសម្រួលនិយាមកា និងការបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ មានចំនួនសរុប ៥៦៦បង្គោល ក្នុងនោះ ស្រុកបន្ទាយមាស ៣៦៨បង្គោល និងស្រុកកំពង់ត្រាច ២៩៨បង្គោល។ តាមការបញ្ជាក់របស់មន្ត្រីជំនាញ ការកែសម្រួលលើកនេះត្រូវបានចាត់ទុកជាការកែសម្រួលចុងក្រោយ ដើម្បីយកជាផ្លូវការ បន្ទាប់មកនឹងបន្តពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដើម្បីឈានទៅដល់ការផ្តល់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ហើយនៅខែវិច្ឆិកាខាងមុននេះ គ្រឿងចក្រនឹងចាប់ផ្តើមកាយក្នុងពេលដំណាលគ្នា នៅខេត្តទាំងបួនដើម្បីធានាថា ព្រែកជីកហ្វូណនតេជោរួចរាល់នៅឆ្នាំ២០២៨។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តសហការជាមួយក្រុមការងារក្រសួង និងក្រុមហ៊ុនឱ្យបានល្អ ដើម្បីសម្រួលដល់ដំណើរការសាងសង់ និងត្រូវយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលរង់ផលប៉ះពាល់ពីគម្រោងឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធអនុវត្តការងារដោយប្រុងប្រយ័ត្ន ជៀសវាងកំហុសឆ្គងតូចតាចដែលអាចបង្កការមិនពេញចិត្តដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដោយភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រខេត្តកែប។ គម្រោងនេះមានទទឹងផ្នែកខាងលើប្រមាណ ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន២៕

 

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត