ក្រុមគ្រួសារសិស្សរងគ្រោះ២៧នាក់ដោយសារភ្លើងឆេះសាលារៀនកាលពីសប្តាហ៍មុននៅកុងហ្គោ បានចូលរួមក្នុងពិធីបញ្ចុះសពរួមគ្នាជាលើកចុងក្រោយ ខណៈមូលហេតុមិនទាន់ដឹងច្បាស់

សមាជិកគ្រួសារជាច្រើនបានកាន់ទុក្ខដល់មនុស្សជាទីស្រឡា ញ់របស់ពួកគេ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះសាលារៀនចំនួនពីរដែលស្ថិតនៅជាប់គ្នា ក្នុងប្រទេសកុងហ្គោកាលពីសប្តាហ៍មុន។ មន្ត្រីនានាបានឱ្យដឹងថា អគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Bukavu ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម M23 នោះ បានបណ្តាលឱ្យសិស្សយ៉ាងហោច ណាស់២៧នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ សាច់ញាតិបានជួបជុំគ្នានៅក្នុងពិធីឧទ្ទិសបួងសួងដល់ជនរង គ្រោះកាលពីថ្ងៃចន្ទនេះ មុនពេលដែលមឈូសឈើរបស់ពួកគេត្រូវបានគេដឹកយកទៅបញ្ចុះ។ លោក Moïse Lubala ដែលជាមន្ត្រីរដ្ឋបាលមូលដ្ឋាន បានប្រាប់ទីភ្នាក់ងារព័ត៌មានថា៖ អគ្គិភ័យបានចាប់ផ្តើមចេញពីផ្ទះមួយខ្នង មុនពេលរាលដាលទៅកាន់សាលារៀនទាំងពីរដែលស្ថិតនៅជាប់គ្នានោះ។ លោកបាននិយាយថា សិស្សមួយចំនួនត្រូវបានជាប់គាំងនៅខាងក្នុងសាលាមធ្យមសិក្សា Furaha ហើយខ្លះទៀតបានស្លាប់ដោយសារថប់ដង្ហើម។ លោក Lubala បន្ថែមថា៖ មូលហេតុនៃអគ្គិភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែតំបន់ដែលអគ្គិភ័យបានចាប់ផ្តើមនោះគឺជាតំបន់ដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករ ហើយផ្ទះភាគច្រើនត្រូវបានសាងសង់ឡើងពីឈើ។ រដ្ឋាភិបាលកុងហ្គោជួបការលំបាកក្នុងការគ្រប់គ្រងតំបន់ភាគខាងកើតក្នុងប្រទេសខ្លាំងណាស់។ ក្រុមឧទ្ទាម M23 ដែលទទួលបានការគាំទ្រពីប្រទេស រ៉ាក់វ៉ាន់ដា បានចូលកាន់កាប់ទីក្រុង Bukavu កាលពីខែកុម្ភៈ ឆ្នាំ២០២៥។ មានក្រុមប្រដាប់អាវុធជាង ១០០ក្រុម កំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងធនធានរ៉ែដែលមានតម្លៃរាប់ពាន់លានដុល្លារនៅភាគខាងកើតប្រទេសកុងហ្គោ ដែលជាធនធានដ៏សំខាន់សម្រាប់វិស័យបច្ចេកវិទ្យាពិភពលោក។ សេវាសុខាភិបាលកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ខណៈដែលតំបន់នេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សជាង ៣,៣០០នាក់ និងមានករណីឆ្លងដែលត្រូវបានបញ្ជាក់ជាង ៦,៨០០ករណីថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ