ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី ៨២រូប លើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតព័ត៌មាន ដើម្បីឆ្លើយតបនឹងបរិបទសកល
ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពធនធានមនុស្ស និងត្រៀមខ្លួនឱ្យមន្ត្រីរាជការមានសមត្ថភាពកាន់តែខ្ពស់ក្នុងការងារអន្តរជាតិ និងការទូតព័ត៌មាន ក្រសួងព័ត៌មានបានរៀបចំវគ្គសិក្សាស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត» ដោយមានមន្ត្រីរាជការចំនួន ៨២រូប មកពីអង្គភាពនានាចំណុះក្រសួងព័ត៌មាន ចូលរួម។
វគ្គសិក្សានេះបានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន និងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វគ្គសិក្សានេះមានការអញ្ជើញ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងការទូត។
លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន មានប្រសាសន៍ជម្រាបជូនថា វគ្គសិក្សានេះរៀបចំឡើងសម្រាប់មន្ត្រីរាជការដែលមានមុខតំណែងចាប់ពីមន្ត្រី រហូតដល់អគ្គនាយករង និងអគ្គលេខាធិការរង សរុបចំនួន ៨២រូប ដែលមកពីខុទ្ទកាល័យ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពទាំង៣ ចំណុះក្រសួងព័ត៌មាន។
តាមរយៈការរៀបចំវគ្គសិក្សានេះ ក្រសួងព័ត៌មានបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពមន្ត្រីឱ្យមានចំណេះដឹង និងជំនាញសមស្របទៅនឹងការវិវត្តនៃបរិបទអន្តរជាតិ និងបច្ចេកវិទ្យាឌីជីថល។ ខ្លឹមសារសិក្សារួមមាន ពិធីសារការទូត ការគ្រប់គ្រងលំហូរព័ត៌មាន ការចរចាអន្តរជាតិ ការទំនាក់ទំនងអន្តរជាតិ និងការតាក់តែងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឱ្យស្របតាមស្តង់ដារ ព្រមទាំងធានាបាននូវការការពារផលប្រយោជន៍ជាតិ។
លោកជំទាវ ទេស ផល្លីន បានបញ្ជាក់ថា តាមរយៈវគ្គសិក្សានេះ សិក្ខាកាមរំពឹងថានឹងទទួលបានចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីយកទៅអនុវត្តក្នុងការងារជាក់ស្តែង និងពង្រឹងខ្លួនឱ្យក្លាយជាមន្ត្រីបង្គោលប្រកបដោយវិជ្ជាជីវៈ មានភាពម្ចាស់ការ និងមានសមត្ថភាពខ្ពស់ក្នុងការងារទំនាក់ទំនងអន្តរជាតិ។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស និងការកសាងសមត្ថភាពមន្ត្រីរាជការ គឺជាកត្តាកំណត់ជោគជ័យនៃការធ្វើទំនើបកម្មស្ថាប័នរដ្ឋបាលសាធារណៈ ហើយជាកិច្ចការដ៏សំខាន់សម្រាប់ការចូលរួមសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងបរិបទសកលភាវូបនីយកម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់ វិស័យព័ត៌មាន និងសោតទស្សន៍បានដើរតួនាទីសំខាន់ជាអំណាចទន់ (Soft Power) របស់ជាតិ។ ដូច្នេះ ក្រសួងព័ត៌មានមិនត្រឹមតែមានតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងលំហូរព័ត៌មានក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការអនុវត្ត «ការទូតព័ត៌មាន (Information Diplomacy)» ដើម្បីផ្សព្វផ្សាយការពិតអំពីកម្ពុជា ការពារផលប្រយោជន៍ជាតិ លើកកម្ពស់កិត្យានុភាពជាតិ និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី អាស៊ាន និងសកលលោក។
ដូច្នេះការរៀបចំវគ្គសិក្សានេះ គឺជាផ្នែកមួយនៃការបន្តផ្តល់ឱកាសដល់មន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងការបង្កើនចំណេះដឹង និងជំនាញជាប្រចាំ ដើម្បីឱ្យធនធានមនុស្សរបស់ក្រសួងមានសមត្ថភាពសមស្របនឹងតម្រូវការការងារក្នុងសម័យឌីជីថល និងបរិបទអន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា ដើម្បីបំពេញបេសកកម្មក្នុងវិស័យព័ត៌មាន និងការទូតព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីរាជការ និងអ្នកប្រកបអាជីពសារព័ត៌មាន មិនអាចបន្តអនុវត្តការងារតាមទម្រង់បែបបុរាណតែមួយមុខបានទៀតឡើយ ប៉ុន្តែត្រូវបន្តរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃបរិបទសកល៕



