ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង របស់កម្ពុជាអាចរកចំណូលបានជាង ១១ពាន់លានដុល្លារ ត្រឹមរយៈពេល៨ខែ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្តដឹងថា ៖ កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ទៅទីផ្សារអន្តរជាតិសម្រេចបានទំហំប្រាក់ជាង ១១ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៦។

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៦ ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ជាង ៨,២ ពាន់លានដុល្លារ កើនឡើង ៦,៥៤%, ស្បែកជើងបាន ១,៥ ពាន់លានដុល្លារ កើនឡើង ៧,៥៦% ,សម្ភារៈធ្វើដំណើរ និងកាបូបបានជាង ១,៤ ពាន់លានដុល្លារ កើនឡើង ៦,៤៩% និងវាយនភណ្ឌជិត ៤៥០ លានដុល្លារ កើនឡើង ២១,៦៧%។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល មានប្រសាសន៍ថា កម្ពុជាកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឱ្យសម្លៀកបំពាក់ដោយយកវត្ថុដើមពីអាមេរិក ផលិតនៅខ្មែរ ហើយនាំទៅអាមេរិកវិញ ដោយមិនជាប់ពន្ធ និងមិនកំណត់កូតា។

ប្រព័ន្ធផលិតកម្មសម្លៀកបំពាក់បែបខ្សែសង្វាក់រួមបញ្ចូលគ្នារបស់កម្ពុជា មានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងវត្ថុធាតុដើមដែលនាំចូលមក។

ធនាគារជាតិកម្ពុជា បានព្យាករថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៦នេះ នឹងថមថយល្បឿនមកត្រឹម ៣,៩% ដោយផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១នេះ ក្នុងអត្រា ៣,៥% ជាមួយសុទិដ្ឋិនិយមចំពោះការងើបឡើងបន្តិចនាឆមាសទី២ ដល់ ៤,៣% ដែលគាំទ្រដោយកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងលំហូរការវិនិយោគផ្ទាល់ពីបរទេស៕