ការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងផែនការ ឈានដល់វគ្គកែសន្លឹកកិច្ចការ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ានី
នៅព្រលឹមម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដំណើរការកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការបានចាប់ផ្ដើមជាផ្លូវការហើយ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព និងការដឹកនាំផ្ទាល់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នសាមីទាំង២ និងអង្គភាពពាក់ព័ន្ធ បើកសន្លឹកកិច្ចការរបស់បេក្ខជនដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារ(១)ក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និង(២)មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃ ក្រសួងផែនការ ដើម្បីចាប់ផ្តើមអនុវត្តនីតិវិធីកែសន្លឹកកិច្ចការរបស់បេក្ខជន ។
ដូចសព្វមួយដង ដើម្បីធានាសុក្រឹត្យភាព និងផ្តល់ទំនុកចិត្តខ្ពស់នៅក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងការអនុវត្តនីតិវិធីនានា គឺស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ(ACU) អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ សាធារណជនស្ម័គ្រចិត្ត ព្រមទាំងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ន ។
បើតាមការបញ្ជាក់ពី ឯកឧត្តម ងុឺយ ធឿន នាយករងសាលាភូមិន្ទបាល និងជាអនុប្រធាន អនុគណៈកម្មការកំណែវិញ្ញាសា បានឱ្យដឹងថា ដំណើរការកែវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការសម្រាប់ក្រសួងយុត្តិធម៌ និងក្រសួងផែនការ បានចាប់ផ្ដើមអនុវត្តយ៉ាងសកម្ម បន្ទាប់ពីដំណើរការប្រឡងត្រូវបានបញ្ចប់ដោយរលូនកាលពីថ្ងៃទី១៤ កន្លងទៅ។
សមាសភាពក្រុមការងារកែសន្លឹកកិច្ចការមានគ្រូជំនាញចំនួន ២៦ រូប សម្រាប់ក្រសួងយុត្តិធម៌ និង ២១ រូប សម្រាប់ក្រសួងផែនការ ហើយការកែវិញ្ញាសានឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ។
ក្រសួងយុត្តិធម៌ត្រូវការជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន១៥ កន្លែង នឹងប្រកាសលទ្ធផលស្ថាពរនៅរសៀលថ្ងៃទី១៦។ ដោយឡែកក្រសួងផែនការត្រូវការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិចំនួន១៦ កន្លែង នឹងប្រកាសលទ្ធផលដំណាក់កាលទី១ នៅថ្ងៃទី១៦ ដើម្បីឈានទៅវគ្គសម្ភាសន៍ផ្ទាល់មាត់នៅថ្ងៃទី១៩ ហើយនឹងប្រកាសលទ្ធផលស្ថាពរនៅល្ងាចថ្ងៃទី១៩ ដដែល។



