រដ្ឋមន្រ្តីសុខាភិបាល៖ «ច្រកចេញចូលតែមួយត្រូវមាន ភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម»។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងផ្តល់អនុសាសន៍ដល់មន្រ្តីបម្រើការងារច្រកចេញចូលតែមួយ ដើម្បីបង្កើនគុណភាពការបម្រើសេវាជូនអតិថិជន ឱ្យទទួលសេវាឱ្យកាន់តែឆាប់រហ័ស មានទំនុកចិត្ត កាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់សេវា និងព្យាយាមពន្យល់រាល់កិច្ចការងារ និងតម្រូវការឱ្យបានច្បាស់លាស់ជូនសាធារណៈជន និងការទទួលបដិសណ្ឋារកិច្ចដោយការស្នាមញញឹម និងឥរិយាបថល្អ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកជូនមន្រ្តីច្រកចេញចូល រាល់ឯកសារស្នើសុំដែលទទួលបានត្រូវបញ្ជូនឱ្យបានលឿន ព្រមទាំងការតាមដានឱ្យបានច្បាស់លាស់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ជាពិសេសនោះគឺតម្លៃសេវាត្រូវគោរពទៅតាមគោលការណ៍ដែលបានកំណត់។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្រ្តីច្រកចេញចូល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងគ្រោងនឹងរៀបចំដាក់ឱ្យប្រើប្រាស់ការស្នើសុំសេវាសាធារណៈ និងការបង់ប្រាក់តាមប្រព័ន្ធ Online ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់សាធារណៈនាពេលខាងមុខ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលបានមានប្រសាសន៍ខាងលើនេះយ៉ាងដូច្នេះនៅ ខណៈពេលឯកឧត្តមអញ្ជើញត្រួតពិនិត្យកន្លែងច្រកចេញចូលតែមួយកាលពីទី១៤ ខែកញ្ញា នាទីស្តីការក្រសួងសុខាភិបាល។



