ក្រសួងយុត្តិធម៌ រៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការលើកទី២ ដើម្បីបំពេញបន្ថែម ១៥ កន្លែង
ក្រសួងមុខងារសាធារណៈ និងក្រសួងយុត្តិធម៌ បានសហការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ លើកទី២ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីជ្រើសរើសមន្ត្រីជំនាញចំនួន ១៥ រូប បំពេញបន្ថែមលើក្របខ័ណ្ឌដែលនៅខ្វះពីដំណាក់កាលទី១។
ពិធីបើកវិញ្ញាសាប្រឡងបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងជ្រើសរើសមន្ត្រីរាជការ ដែលឯកឧត្តម បានកាត់វិញ្ញាសាសរសេរជានិមិត្តរូប និងចែកជូនដល់បេក្ខជនដោយផ្ទាល់នៅក្នុងបន្ទប់ប្រឡង ដើម្បីធានាបាននូវភាពស្អាតស្អំ និងតម្លាភាព។
យោងតាមគណៈកម្មាធិការប្រឡងប្រជែង ដំណើរការទទួលពាក្យបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយមានទិន្នន័យសំខាន់ៗដូចខាងក្រោម៖
-បេក្ខជនដាក់ពាក្យក្នុងប្រព័ន្ធសរុបចំនួន ១.៤១៥ នាក់
-បេក្ខជនដែលមានសិទ្ធិប្រឡងសរុបចំនួន ៥៦៦ នាក់ (ស្រី ២៣៧ នាក់) ហើយមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាលរៀបចំឡើងចំនួន ១៥ បន្ទប់ ដែលចំនួនត្រូវជ្រើសរើសសរុប ១៥ កន្លែង រួមមាន៖ មន្ត្រីជំនាញច្បាប់ផ្នែកព្រហ្មទណ្ឌ ចំនួន ០៤ រូប និងមន្ត្រីជំនាញច្បាប់ផ្នែកទំនាក់ទំនងអន្តរជាតិ ចំនួន ១១ រូប។
នៅក្នុងឱកាសនោះផ្អែកតាមប្រសាសន៍បញ្ជាក់ផ្ទាល់ជូនដល់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈមេប្រយោគ បានឱ្យដឹងថា កាលពីការប្រឡងលើកទី១ថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ក្រសួងបានប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌ «ក» ចំនួន ៤៥ កន្លែង ប៉ុន្តែជ្រើសរើសបានត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ដោយសារបេក្ខជនផ្សេងទៀតប្រឡងមិនដល់ពិន្ទុបច្ចេកទេសកំណត់។
ទោះបីជាការជ្រើសរើសលើកនេះតម្រូវតែ ២ ជំនាញក៏ដោយ ប៉ុន្តែបេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាច្រើនដែរ ដោយការប្រឡងគ្រប់មុខវិជ្ជា គឺដើម្បីធានាថា មន្ត្រីដែលចូលបម្រើការងារមានចំណេះដឹងទូលំទូលាយ និងអាចប្រាស្រ័យទាក់ទងការងារអន្តរវិស័យក្នុងក្រសួងបានយ៉ាងមានប្រសិទ្ធភាព។
ការប្រឡងប្រជែងនេះត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលការណ៍តម្លាភាព ដោយមានការចូលរួមសង្កេតការណ៍ និងត្រួតពិនិត្យគ្រប់ដំណាក់កាលពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តាំងពីដំណាក់កាលរៀបចំវិញ្ញាសា ការប្រឡង ការកែសន្លឹកកិច្ចការ រហូតដល់ការប្រកាសលទ្ធផល។
ការប្រឡងប្រជែងនេះ អនុញ្ញាតឱ្យបេក្ខជនជ្រើសរើសជំនាញ និងទីតាំងការងារដែលខ្លួនស្រឡាញ់ដោយផ្ទាល់ ដែលកត្តានេះធានាបានថា ក្រសួងយុត្តិធម៌នឹងទទួលបានមន្ត្រីដែលមានសមត្ថភាពពិតប្រាកដ មានឆន្ទៈម្ចាស់ការ និងបំពេញការងារចំជំនាញ និងចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។



