ឧត្តមសេនីយ៍ឯក លឹម តុងហួត : ដៃគូ MOU នៅតែមានសារៈសំខាន់ចាំបាច់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណៈជន។

រាជធានីភ្នំពេញ : ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈថ្លែងបែបនេះក្នុងឱកាសទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន។

ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ  អគ្គលេ ខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍កោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះដៃគូ MOU ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តបាននូវខ្លឹមសារអនុស្សរណៈដែលបានចុះជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅតាមវិស័យរៀងខ្លួន  ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត : បានថ្លែងបន្តថា ដៃគូ MOU នៅតែមានសារៈសំខាន់ចាំបាច់ក្នុងការជួយដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណៈជនទូទៅ ក៏ដូចជាទស្សនិកជន អ្នកគាំទ្រ ទាំងវិស័យសិល្បៈ  កីឡា និងសោតទស្សន៍ និងបានសំណូមពរឲ្យដៃគូទាំងអស់ពិនិត្យនូវលទ្ធភាពដើម្បីបន្តការងារជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្តទៀត។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចុះអនុស្សរណៈជាមួយនឹងសមាគមសិល្បករខ្មែរ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុនហ្កាឡាក់ស៊ី ក្រុមហ៊ុនហង្សមាស និងក្រុមហ៊ុនប៊ីខេអិល ។