ការកំណត់ព្រំប្រទល់ឃុំ-សង្កាត់បានច្បាស់លាស់គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាល និងផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ រួមជាមួយរដ្ឋបាលខេត្តកំពត បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់ឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពត ក្រោមធិបតីភាព ឯកឧត្តម វុឌ្ឍី វណ្ណា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក សាន ចំរើន អគ្គនាយករង នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង៩ លោក លោកស្រី មេឃុំ-ចៅសង្កាត់ ទាំង៩៣ឃុំ-សង្កាត់ ដែលពិធីនេះធ្វើឡើងនៅសាលសនិ្នសីទ បូកគោ សាលាខេត្តកំពត។
ក្នុងពិធីនេះ លោក សាន ចំរើន អគ្គនាយករង នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងមកក្រសួងមហាផ្ទៃបានចេញនូវសេចក្តីជូនដំណឹង ក៏ដូចជាសេចក្តីណែនាំជាច្រើន ដើម្បីជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពន្លឿនក្នុងការរៀបចំកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុត។ ការជំរុញនេះ ក្នុងន័យដើម្បីផ្តល់ភាពងាយស្រួលក្នុងការងារគ្រប់គ្រងដែនដីរដ្ឋបាលក្រុង-ស្រុក ពិសេសជំរុញដល់ការផ្តល់សេវាសាធារណៈ ការចុះឈ្មោះបោះឆ្នោត ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងការលើកផែនការអភិវឌ្ឍឃុំ-សង្កាត់ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម វុឌ្ឍី វណ្ណា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ តំណាង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ដែរថា ក្បាលដីប៉ានស្មានដែលមានក្នុងខេត្តកំពត មានប្រមាណ ៧៨ម៉ឺនក្បាលដី ដែលក្នុងនោះមន្ទីរបានធ្វើការវាស់វែងរួចរាល់ ១០០ភាគរយ ហើយបានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានចំនួន ៦២៣ ០០០សន្លឹកបណ្ណ។ តាមរយៈលទ្ធផលនៃការចុះបញ្ជីដីធ្លីនេះ យើងពិតជាមានមោទនភាពដែលបង្កើតបានជាផែនទីសុរិយោដីមួយយ៉ាងសំខាន់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការកសាងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ឱ្យមានភាពច្បាស់លាស់និងត្រឹមត្រូវផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការងារកំណត់ព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងខេត្តកំពត មកដល់ពេលនេះយើងបានធ្វើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់បានចំនួន ៨៣ និងមិនទាន់បានធ្វើចំនួន ១០ ក្នុងចំណោមឃុំ-សង្កាត់ទាំង៩៣។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-ស្រុក គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអាជ្ញាធរឃុំ-សង្កាត់ដែលមានព្រំប្រទល់ជាប់គ្នា អស់មន្ទិលសង្ស័យក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ ដីធ្លី និងការអភិវឌ្ឍក្នុងមូលដ្ឋានរៀងៗខ្លួន។ ទន្ទឹមនឹងនោះ ការកំណត់ព្រំប្រទល់រដ្ឋបាលនេះដែរ ក៏និងជំរុញឱ្យការផ្តល់សេវាសាធារណៈជូនពលរដ្ឋបានល្អប្រសើរជាងមុនបន្ថែមទៀត ពិសេសការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ការចុះឈ្មោះបោះឆ្នោត រួមនឹងផ្តល់ភាពងាយស្រួលក្នុងការលើកគម្រោងអភិវឌ្ឍននានាក្នុងឃុំ-សង្កាត់ផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



