ពិបាកជួយសង្រ្គោះរយៈពេល៥ថ្ងៃ ទីបំផុតសាឡាងដែលឆាបឆេះនៅហ្វីលីពីនបន្តសម្លាប់មនុស្សកើនដល់៧៦នាក់ -១៣នាក់នៅតែបាត់ខ្លួន និង៤៣នាក់រួចផុតពីគ្រោះថ្នាក់

ក្រុមអ្នកជួយសង្គ្រោះបានស្រង់សពមនុស្សបន្ថែមទៀតចេញពីសាឡាងដឹកអ្នកដំណើរមួយគ្រឿងក្នុងប្រទេសហ្វីលីពីន ដែលរងការបំផ្លាញដោយអគ្គិភ័យរយៈពេល៥ថ្ងៃមកហើយ។ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៧៦នាក់ ហើយមាន១៣នាក់ទៀតនៅបន្តបាត់ខ្លួន។ មនុស្សចំនួន៤៣នាក់បានរួចផុតពីគ្រោះអគ្គិភ័យនោះកាលពីយប់ថ្ងៃពុធ ជាថ្ងៃដំបូងដែលមានអគ្គិភ័យកើតឡើងនៅលើសាឡាងដែលមានមនុស្សសរុប១៣២នាក់។ នាវានេះបានចេញដំណើរពីរដ្ឋធានីម៉ានីល ហើយនៅពេលដែលអគ្គិភ័យបានផ្ទុះឡើង វានៅសល់ចម្ងាយប្រហែល៣៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ ទើបទៅដល់គោលដៅកំណត់នៅទីក្រុង Coron ក្នុងខេត្ត Palawan ភាគនិរតីប្រទេស។ មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យឆ្មាំសមុទ្របានដកស្រង់សម្តីអ្នករស់រានមានជីវិតម្នាក់បាននិយាយថា អគ្គិភ័យនេះអាចចាប់ផ្តើមពីកន្លែងផ្ទុកទំនិញ។ មន្ត្រីបានឱ្យដឹងថា អ្នករស់រានមានជីវិតរូបនោះបានរៀបរាប់ថាមុនពេលកើតហេតុ ខ្លួនបានឮសំឡេងផ្ទុះ ហើយផ្សែងនិងអណ្តាតភ្លើងក៏បានរាលដាលយ៉ាងឆាប់រហ័សដោយសារឥទ្ធិពលនៃខ្យល់បក់លើផ្ទៃសមុទ្រ។ សំពត់តង់ជាច្រើនត្រូវបានតម្លើងនៅកំពង់ផែ Borac ក្នុងទីក្រុង Coron ជាទីកន្លែងដែលគេបានដឹកជញ្ជូនសពមនុស្សចុះពីសាឡាងដែលឆេះនោះ។ លោកស្រី Commodore Noemie Cayabyab ជាអ្នកនាំពាក្យឆ្មាំសមុទ្រ បាននិយាយថា អាជ្ញាធរកំពុងស្វែងរកប្រធានសាឡាង ដែលត្រូវគេរាយការណ៍ថាបានរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែមិនមានឈ្មោះនៅក្នុងបញ្ជីអ្នករស់រានមានជីវិតនោះទេ។ លោកស្រីបានបន្ថែមថា ការស៊ើបអង្កេតលើផ្នែកសុវត្ថិភាពដែនសមុទ្រ និងផ្នែកព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងស្ថាប័នជាច្រើន នឹងពិនិត្យមើលគ្រប់ជ្រុងជ្រោយ រួមទាំងការទទួលខុសត្រូវដែលអាចកើតមានរបស់ប្រធានសាឡាង និងក្រុមនាវិករបស់ពួកគេផងដែរ។ អ្នករស់រានមានជីវិតបានរៀបរាប់ថា អគ្គិភ័យបានរាលដាលយ៉ាងឆាប់រហ័ស រហូតដល់ពួកគេគ្មានពេលសូម្បីយកអាវពោងសុវត្ថិភាពពាក់បានឡើយ។ ហើយផ្ទាំងក្រណាត់ធំនៃសាឡាងដែលគ្របពីលើផ្នែកបើកចំហដើម្បីទុកការពារភ្លៀង “ក៏អាចជាកត្តាមួយដែលរួមចំណែកដល់បញ្ឆេះភ្លើងកាន់តែលឿនបានដែរ ប៉ុន្តែយើងក៏មិនអាចកំណត់ច្បាស់នៅពេលនេះបានទេ ថាតើមនុស្សប៉ុន្មាននាក់ដែលជាប់គាំងនៅខាងក្នុងផ្ទាំងក្រណាត់នេះឬក៏អត់។ អ្នកស៊ើបអង្កេតក៏នឹងពិនិត្យមើលថាតើ នីតិវិធីសង្គ្រោះបន្ទាន់ក្នុងករណីមានអគ្គិភ័យត្រូវបានអនុវត្តជាប់លាប់ដែរឬទេ រួមទាំងថាតើប្រធានសាឡាងបានបញ្ចេញសំឡេងសញ្ញាអាសន្ន ឬបានផ្តល់ការព្រមាន និងការណែនាំឬអត់? ហើយថាតើក្រុមសាឡាងដឹកជញ្ជូនមានបានជួយដល់អ្នកដំណើរដែរឬទេ។ សាឡាងដឹកអ្នកដំណើរត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់សេវាកម្មដឹកជញ្ជូននៅក្នុងប្រទេសហ្វីលីពីនដែលមានកោះជាច្រើន។ គ្រោះថ្នាក់តាមផ្លូវសមុទ្រមិនមែនជារឿងចម្លែកនោះទេក្នុងប្រទេសហ្វីលីពីន ដោយសារមានព្យុះញឹកញាប់ ខ្វះការថែទាំល្អ ការផ្ទុកមនុស្សលើសចំណុះ និងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពមិនបានពេញលេញ ជាពិសេសនៅក្នុងខេត្តដាច់ស្រយាល។ ជាក់ស្តែងកាលពីឆ្នាំ១៩៨៧ សាឡាងឈ្មោះ Dona Paz បានលិច បន្ទាប់ពីវាបានបុកជាមួយនាវាដឹកប្រេងមួយគ្រឿងនៅតំបន់កណ្តាលប្រទេសហ្វីលីពីន បណ្តាលឱ្យមនុស្សជាង ៤,៣០០នាក់បានបាត់បង់ជីវិត ដែលវជាគ្រោះមហន្តរាយផ្លូវសមុទ្រដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ