ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសិល្បករ សិល្បការិនីរបាំ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងអញ្ជើញចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅវត្តចំប៉ីមាលារតនារាម ស្រុកកំពង់ត្រឡាច
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ផ្នែករបាំបុរាណ និងរបរបាំប្រពៃណីចំនួន ១៦រូប នៅសាលមហោស្រព នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។ ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗបន្តបង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយៗ ដែលមានបំណងចង់ហាត់រៀនផ្នែកសិល្បៈរបាំបុរាណ និងរបាំប្រពៃណី ដើម្បីជាការចូលរួមចំណែកក្នុងការថែរក្សា ការពារនូវសម្បត្តិវប្បធម៌ សិល្បៈ ប្រពៃណីរបស់ដូនតាបុព្វបុរសខ្មែរ ដែលបានបន្សល់ទុក និងបន្តទៅយុវជនជំនាន់ក្រោយៗទៀតបានស្គាល់បានចេះគ្រប់ៗគ្នា។
នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត បានអញ្ជើញចុះពិនិត្យការសិក្សារបស់សមណសិស្ស នៅវត្តចំប៉ីមាលារតនារាម ស្រុកកំពង់ត្រឡាច។ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគេនដល់សមណសិស្សដោយសេចក្តីនឹករលឹក។
ឯកឧត្តមបណ្ឌិត បានថ្លែងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះគ្រូបង្រៀន ក្នុងការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់សមណសិស្សប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងប្រាជ្ញាញាណ ដើម្បីក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ ក៏ដូចជាជាការរួមចំណែកយ៉ាងធំធេង ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែចម្រើនរុងរឿង។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា នឹងបន្តចូលរួមគាំទ្រ និងសម្របសម្រួលរាល់កិច្ចការចាំបាច់នានា ដើម្បីឱ្យការសិក្សារបស់សមណសិស្សកាន់តែមានភាពរលូន និងប្រកបដោយគុណភាពខ្ពស់៕



