នាយកសាលាឧត្តមសិក្សាទ័ពជើងទឹករុស្ស៊ី ដឹកនាំប្រតិភូនាវា “Perekop” ចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនាវាហ្វឹកហ្វឺន “Perekop” នៃកងនាវា Baltic របស់សហព័ន្ធរុស្ស៊ី ដែលដឹកនាំដោយលោកឧត្តមនាវីឯក Vyacheslav SYTNIK នាយកសាលាឧត្តមសិក្សាទ័ពជើងទឹករុស្ស៊ី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តព្រះសីហនុ។

លោក មីន កុម្ភៈ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនាវាហ្វឹកហ្វឺនកងទ័ពជើងទឹករុស្ស៊ី ព្រមទាំងបានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ មក។ លោកបានបញ្ជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះបានរីកចម្រើនយ៉ាងរឹងមាំ និងបានឆ្លងកាត់ដំណាក់កាលជាច្រើន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នាជាកត្តាមូលដ្ឋាន។

លោកអភិបាលរងខេត្ត បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា បេសកកម្ម និងការចូលចតរបស់នាវាកងទ័ពជើងទឹករុស្ស៊ីនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជំនឿទុកចិត្តបន្ថែមទៀត រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
លោកឧត្តមនាវីឯក Vyacheslav SYTNIK បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលបានធ្វើការស្វាគមន៍យ៉ាងរវាក់រវៃ និងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាងដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូ និងកងទ័ពជើងទឹករុស្ស៊ី។ លោកបានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។

ដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺន “Perekop” នៅកម្ពុជានាពេលនេះ មិនត្រឹមតែជាផ្នែកមួយនៃការហ្វឹកហ្វឺនជំនាញបច្ចេកទេសកងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំនួបផ្លាស់ប្តូរបទពិសោធន៍ បទពិសោធន៍វប្បធម៌ និងការរ៉ាប់រងសន្តិសុខក្នុងតំបន់ ដើមី្បលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-រុស្ស៊ី ឱ្យកាន់តែរឹងមាំ ៕


អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក អ៊ូ ជោត