មនុស្ស២៥នាក់ស្លាប់! បន្ទាប់ពីនាវាដឹកទំនិញ១គ្រឿងបានឆេះអំឡុងពេលឈប់សំចតនៅកំពង់ផែប្រទេសចិន ហើយវាត្រូវគេស្គាលថាមកពីក្រុមហ៊ុនសាងសង់នាវាដ៏ធំជាងគេលើពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា នាវាដឹកទំនិញមួយគ្រឿងដែលកំពុងចតដើម្បីជួសជុលនៅកំពង់ផែប្រទេសចិន បានឆេះនិងបណ្តាលឱ្យមនុស្ស២៥នាក់ស្លាប់។ នាវានេះកំពុងត្រូវបានជួសជុលនៅក្រុមហ៊ុន Beihai Shipbuilding Co. ក្នុងកំពង់ផែ Qingdao ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់មួយនៅឆ្នេរសមុទ្រភាគឦសាននៃប្រទេសចិន។ យោងតាមគេហទំព័រតាមដាននាវា Vessel Finder បានបង្ហាញរូបថតមួយសន្លឹកដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua បង្ហាញថា នាវានោះមានឈ្មោះថា Ocean Melody ដែលប្រើប្រាស់ទង់ជាតិប្រទេសលីបេរីយ៉ា (Liberia)។ Xinhua បានរាយការណ៍ថាមនុស្សសរុបចំនួន៤២នាក់នៅលើនាវានោះ ហើយ១២នាក់ក្នុងចំណោមពួកគេត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ មនុស្ស៥នាក់បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយស្ថានភាពរបស់ពួកគេមានស្ថិរភាពល្អប្រសើរហើយ។ អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោងប្រហែលជា១១ព្រឹក កាលថ្ងៃព្រហស្បតិ៍ ហើយត្រូវបានពន្លត់នៅវេលាម៉ោង២និង៣០នាទីរសៀល (ម៉ោងក្នុងស្រុក)។ Xinhua បានឱ្យដឹងទៀតថា លោកប្រធានាធិបតីចិន Xi Jinping បានចេញ “សេចក្តីណែនាំសំខាន់ៗ” ដើម្បីធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះមានភាពបន្ទាន់ដល់អ្នកដែលបាត់ខ្លួននៅលើនាវា ខណៈដែលនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក៏បានអំពាវនាវឱ្យជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅខាងក្នុងផងដែរ។ លោក Xi ក៏បានអំពាវនាវប្រតិបត្តិករសង្រ្គោះទំាងអស់ធានាថា “វិធានការបង្ការត្រូវបានអនុវត្តយ៉ាងហ្មត់ចត់” និង “ទប់ស្កាត់យ៉ាងដាច់ណាត់នូវគ្រោះថ្នាក់ធំៗ និងគ្រោះមហន្តរាយនានា”។ សូមបញ្ជាក់ថា ក្រុមហ៊ុន Beihai Shipbuilding គឺជាផ្នែកមួយនៃក្រុមហ៊ុន China State Shipbuilding Corporation ដែលគ្រប់គ្រងដោយរដ្ឋ និងជាក្រុមហ៊ុនសាងសង់នាវាធំជាងគេបំផុតនៅលើពិភពលោក។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Beihai Shipbuilding បានឲ្យដឹងថាអាជីវកម្មចម្បងរបស់ក្រុមហ៊ុននេះរួមមានការសាងសង់នាវា និងការជួសជុលនាវា៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ