ឯកឧត្តម ឈួរ សុបញ្ញា អញ្ជើញថ្វាយបង្គំសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ

នៅរសៀលថ្ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញជាអធិបតីរួមជាមួយគណសង្ឃខេត្តកំពង់ស្ពឺក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា គ្រូបង្រៀនពុទ្ធិកបឋមសិក្សា និងសមណសិស្សទូទាំងស្រុកសាមគ្គីមុនីជ័យ ដែលប្រព្រឹត្តទៅនៅវត្តទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ និង ព្រះគ្រូវរជ័យសិរីញាណ អ៊ុំ ផេង ព្រះអនុគណស្រុកសាមគ្គីមុនីជ័យ នៅវត្តទំពូង ស្ថិតក្នុងឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះ ព្រះបាឡាត់សត្ថាភិរក្ខិត យ៉ិន សុទ្ធារ៉ា ព្រះបាឡាត់គណខេត្តកំពង់ស្ពឺ បានមានព្រះថេរដិកា និងផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ឱ្យបន្តយកចិត្តទុកដាក់លើការងារពុទ្ធិកសិក្សា ដោយចាត់ទុកការអប់រំជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្ស និងការបន្តវេនព្រះពុទ្ធសាសនា។ ព្រះថេរដិកាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំរៀនសូត្រ ការគោរពព្រះវិន័យ ការប្រតិបត្តិព្រះធម៌ និងការរក្សាគុណធម៌របស់ព្រះសមណសិស្ស។ ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវបន្តបំពេញតួនាទីដោយការយកចិត្តទុកដាក់ មានការទទួលខុសត្រូវ និងធ្វើជាគំរូល្អ ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលសមណសិស្សឱ្យមានទាំងចំណេះដឹង និងគុណធម៌។ ព្រះអង្គក៏បានផ្តាំផ្ញើឱ្យមានការរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងព្រះសង្ឃ គណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងសមណសិស្ស ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ពង្រឹងការគ្រប់គ្រង និងបន្តលើកកម្ពស់គុណភាពពុទ្ធិកសិក្សាឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសឯកឧត្តម ឈួរ សុបញ្ញា នាំយកមតិផ្តាំផ្ញើក្រាបថ្វាយបង្គំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ការយកចិត្តទុកដាក់ និងលើកកម្ពស់ការងារអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងវិស័យពុទ្ធិកសិក្សា ឱ្យមានគុណភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមជាតិ។

ក្នុងឱកាសនោះឯកឧត្តម ឈួរ សុបញ្ញាក៏បានប្រគេននិងជូនបច្ច័យគ្រូបង្រៀន១៣រូប ក្នុងមួយនាក់ ៥០ ០០០រៀល និងនាំយកនូវបច្ច័យ និងសម្ភារសិក្សា សម្រាប់ទ្រទ្រង់សាលាពុទ្ធិកបឋមសិក្សាទាំង ១១សាលា ក្នុងសាលានីមួយមាន បច្ច័យ ២០០ ០០០ រៀល សៀវភៅសរសេរ ៥០ក្បាល បន្ទាត់៥០ដើម ប៊ិក៥០ដើម ជាមួយគ្នានោះ សាលាអនុគណស្រុកសាមគ្គីមុនីជ័យ បានជួយទ្រទ្រង់សាលាពុទ្ធិកសិក្សាទាំង១១សាលា ក្នុងមួយសាលា បច្ច័យ ២០០ ០០០រៀល អង្ករ ៥០គីឡូ ទឹកបរិសុទ្ធិ ១កែស ភេសជ្ជៈ ១កែស មី ១កែស ត្រីខ ១យួរ ទឺកស៊ីអីវ ១យួរ និងទឹកត្រី ១យួរ។