មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ រៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពីតម្លៃ សារៈសំខាន់ និងវិធីសាស្ត្រការពារបេតិកភណ្ឌវប្បធម៌រូបី

ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌវប្បធម៌រូបីក្នុងរាជធានីភ្នំពេញ» ក្រោមអធីបតីភាព ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រី ណម ណារីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បេតិកភណ្ឌវប្បធម៌ គឺជាមរតកដែលបន្សល់ទុកពីអតីតកាល និងជាសម្បត្តិដ៏មានតម្លៃសម្រាប់មនុស្សជាតិទាំងមូល។ បេតិកភណ្ឌវប្បធម៌រូបី ដែលរួមមាន បុរាណស្ថាន ប្រាសាទ សំណង់បុរាណ សំណង់ប្រវត្តិសាស្ត្រ និងវត្ថុបុរាណ គឺជាភស្តុតាងជាក់ស្តែង ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ អរិយធម៌ សិល្បៈ សាសនា និងការវិវត្តរបស់សង្គមមនុស្ស។ 

ជាមួយគ្នានេះ លោកស្រី ប្រធានមន្ទីរ មានប្រសាសន៍បន្តថា ការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌ ជាចំណុចសំខាន់មួយដែលមិនគួរមេីលរំលង។ គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះ គឺដេីម្បីលេីកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធ ឱ្យបានយល់ច្បាស់អំពីនិយមន័យ ប្រភេទតម្លៃ និងសារៈសំខាន់នៃបេតិកភណ្ឌ វប្បធម៌រូបី ព្រមទាំងស្វែងយល់អំពីប្រវត្តិ កំណេីត និងការវិវត្តរបស់រាជធានីភ្នំពេញ។ ជាពិសេស សិក្ខាសាលានេះ នឹងជួយដល់ការយល់ដឹង និងកំណត់អត្តសញ្ញាណបុរាណស្ថាន សំណង់បុរាណ និងវត្ថុបុរាណនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែច្បាស់។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ដេីម្បីជំរុញ និងពង្រីកការផ្សព្វផ្សាយពីតម្លៃនៃបេតិកភណ្ឌជាតិ ចាប់តាំងពីដេីមសតវត្សទី២០មក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ បានខិតខំធ្វេីការស្រាវជ្រាវ ចងក្រងប្រវត្តិសាស្ត្រខ្មែរ អរិយធម៌ខ្មែរ ថែរក្សាការពារ និងអភិរក្សសម្បិត្តវប្បធម៌ជាតិយេីង បានគង់វង្សយូរអង្វែង។ 

ជាក់ស្តែង ក្នុងសិក្ខាសាលានាឱកាសនេះ មានការធ្វេីបទបង្ហាញស្តីពី «បេតិកភណ្ឌវប្បធម៌រូបីអចល័ត និងកិច្ចការពារ» ដោយលោក រី សុវណ្ណារិទ្ធ ប្រធានការិយាល័យបេតិកភណ្ឌ និងបទបង្ហាញស្តីពី «វត្ថុបុរាណ និងចុះបញ្ជី ដើម្បីអភិរក្ស» ដោយលោក ម៉ន ចាន់ដេត ប្រធានការិយាល័យសារមន្ទីរ ដេីម្បីពង្រឹងនិងពង្រីកការយល់ដឹងអោយកាន់តែប្រសេីរឡេីង និងរក្សាបាននូវមូលដ្ឋានគ្រឹះនៃអរិយធម៌ខ្មែរដ៏រឹងមាំ ដែលជាអត្តសញ្ញណជាតិ ក្នុងបរិបទការផ្សារភ្ជាប់ប្រទេសកម្ពុជា ទៅនិងពិភពលោក។

សិក្ខាសាលាស្តីពី «ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌រូបី និងកិច្ចការពារបេតិកភណ្ឌវប្បធម៌រូបីនៅក្នុងរាជធានីភ្នំពេញ» មានគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ អំពីតម្លៃ សារៈសំខាន់ និងវិធីសាស្ត្រការពារបេតិកភណ្ឌវប្បធម៌រូបី។

សិក្ខាសាលានឹងផ្តល់ចំណេះដឹងសំខាន់ៗអំពី៖

• និយមន័យ និងប្រភេទបេតិកភណ្ឌវប្បធម៌រូបី ទាំងចល័ត និងអចល័ត។

• ប្រវត្តិកំណើត និងការវិវត្តរបស់រាជធានីភ្នំពេញ។

• ការស្គាល់ និងកំណត់អត្តសញ្ញាណសំណង់បុរាណ និងវត្ថុបុរាណនៅក្នុងខណ្ឌទាំង១៤។

• ច្បាប់ សារាចរ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌។

• ការចូលរួមការពារ រាយការណ៍ និងទប់ស្កាត់ការបំផ្លាញ ឬការជួញដូរវត្ថុបុរាណខុសច្បាប់។

ជារួម សិក្ខាសាលាមានគោលបំណង ពង្រឹងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងបង្កើនប្រសិទ្ធភាពក្នុងការអភិរក្ស ការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌រូបីនៅរាជធានីភ្នំពេញ ឱ្យគង់វង្សសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕