ករណីអគ្គិភ័យឆេះសាឡាងដឹកអ្នកដំណើរនៅហ្វីលីពីនសម្លាប់មនុស្ស៥នាក់ភ្លាមៗ និងជាង៨០នាក់បាត់ខ្លួនកាលពីថ្ងៃពុធមក ខណៈដែលវាផ្ទុកអ្នកដំណើរ១៣៤នាក់ រួមទាំងជនបរទេសដែរ
មន្ត្រីនានាបានឱ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ផ្សែងនៅតែបន្តហុយចេញពីសាឡាងដឹកអ្នកដំណើរមួយគ្រឿងដែលបានឆាបឆេះនៅតំបន់សមុទ្រភាគខាងលិចប្រទេសហ្វីលីពីន ដែលហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និង ៨៦នាក់ទៀតបាត់ខ្លួន។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្សត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារក្រុមអ្នកជួសសង្គ្រោះជួបការលំបាកក្នុងការចូលទៅក្នុងទូកនោះខ្លាំងពេក។ យោងតាមមន្ត្រីនានាបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងនឹងបន្តធ្វើឡើងវិញនៅព្រឹកថ្ងៃសុក្រនេះវិញ។ អ្នកនាំពាក្យកងការពារឆ្នេរសមុទ្រ លោកស្រី Commodore Noemie Cayabyab បាននិយាយថា រហូតមកដល់ពេលនេះ មនុស្ស៤៣នាក់ត្រូវបានគេជួយសង្គ្រោះ។ សាឡាងដឹកអ្នកដំណើរនោះមានឈ្មោះថា MV June Aster នៅតែឆេះអណ្តែតលើទឹក ប៉ុន្តែមានសភាពផ្អៀងនៅក្បែរទីប្រជុំជន Coron បន្ទាប់ពីមានអគ្គិភ័យឆាបឆេះដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃពុធមក។ លោកស្រី Cayabyab បាននិយាយថា អាជ្ញាធរកំពុងព្យាយាមផ្ទៀងផ្ទាត់ព័ត៌មានដែលថាមានជនបរទេសពីរនាក់នៅលើទូកនោះ ដោយបានពិនិត្យមើលឈ្មោះក្នុងបញ្ជីអ្នកដំណើរ និងសម្របសម្រួលជាមួយមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន និងតាមក្រុមហ៊ុនដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ អ្នករស់រានមានជីវិត និងអ្នកបាត់ខ្លួន។ យោងតាមបញ្ជីអ្នកដំណើរ មានមនុស្សសរុប១៣៤នាក់នៅលើទូកនោះ ដែលក្នុងនោះមានអ្នកដំណើរ ១១៧នាក់ និងបុគ្គលិកបម្រើការលើសាឡាង១៧នាក់។ សាឡាងនេះមានសមត្ថភាពផ្ទុកអ្នកដំណើរបាន៣០៦នាក់ និងបុគ្គលិក ២៧នាក់។ កងការពារឆ្នេរសមុទ្របានឱ្យដឹងថាសាឡាងនេះមានប្រវែង៥៣ម៉ែត្រ បានចេញដំណើរពីរដ្ឋធានីម៉ានីល ហើយស្ថិតនៅជិតគោលដៅនៃទីប្រជុំជន Coron ក្នុងខេត្ត Palawan ហើយនៅពេលដែលក្រុមហ៊ុនដឹកជញ្ជូនបានរាយការណ៍អំពីអគ្គិភ័យឆាបឆេះនោះគឺតាំងពីម៉ោងប្រហែល ៦:៤៥នាទីល្ងាចថ្ងៃពុធម៉្លេះ។ ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមចូលទៅក្នុងសាឡាងសង្រ្គោះដែរ ប៉ុន្តែជួបការលំបាកខ្លាំងដោយសារផ្សែងហុយខទ្រលោមពេក។ លោកស្រី Cayabyab បាននិយាយថា៖ «គោលដៅរបស់យើងឥឡូវនេះគឺចូលទៅក្នុងសាឡាង ដើម្បីពិនិត្យមើលស្ថានភាព និងធ្វើការវាយតម្លៃលើស្ថានការណ៍ជាក់ស្តែង និង សង្រ្គោះមនុស្សឲ្យបានតាមដែលអាចធ្វើទៅបាន»៕
សម្រួលអត្ថបទ៖ សុផារិន្ទ



