ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញពិនិត្យការជួសជុលផ្លូវលំ ១ខ្សែ ប្រវែង ៦,០០០ម៉ែត្រ និងសំណេះសំណាលជាមួយអតីតអនុប្រធានភូមិបែកចាន នៅអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ជាង សិឡាសុមាឫទ្ធិវង្ស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយអាជ្ញាធរដែនដី បានអញ្ជើញពិនិត្យផ្លូវលំ ១ខ្សែ ប្រវែង ៦,០០០ម៉ែត្រ ដែលកំពុងដំណើរការជួសជុល ស្ថិតនៅភូមិក្អែកពង និងភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាគម្រោងអភិវឌ្ឍន៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

សមិទ្ធផលនៃការជួសជុលផ្លូវ ១ខ្សែនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ សម្រួលដល់ការដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បង្កើនភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ និងបងប្អូនកម្មករ កម្មការិនីរោងចក្រធ្វើដំណើរទៅបំពេញការងារ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលជាងមុន។

នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានស្នើសុំមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីជួយសម្របសម្រួលគ្រឿងចក្រក្នុងការជួយជួសជុលផ្លូវនៅភូមិកៀនឃ្លាំង បន្ទាប់ពីបញ្ចប់គម្រោងដែលកំពុងជួសជុលនេះ។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសមិទ្ធផលនេះ ដើម្បីអាចប្រើប្រាស់បានយូរអង្វែង។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានអញ្ជើញសំណេះសំណាលជាមួយអតីតអនុប្រធានភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា អតីតថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ គឺជាគ្រឹះយ៉ាងរឹងមាំ និងជាប្រភពបទពិសោធន៍ដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើឱ្យអាជ្ញាធរឃុំ-ភូមិ បន្តយកចិត្តទុកដាក់សុខទុក្ខ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអតីតមន្ត្រីទាំងអស់ ព្រមទាំងបានជូនពរដល់លោកអតីតអនុប្រធានភូមិ ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានអាយុយឺនយូរ៕