ភ្នំពេញ ៖ ទីលានចាក់សំរាមថ្មី នៅផ្លូវលេខ៥១ ភូមិទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងបើកឱ្យដំណើរការចាក់សំរាមជាលើកដំបូង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ខាងមុខនេះ ដោយត្រូវផ្ទេរពីទីលានចាក់សំរាមចាស់នាខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតយោងតាមការបញ្ជាក់ ពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។
ការលើកឡើងរបស់ ឯកឧត្តម ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ ជាមួយឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សាតំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមហួត ហៃ បន្តថា៖ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤៣ហិចតា ដោយជំហានទី១ បានរៀបចំរួចរាល់ ជាស្តង់ដា អន្តរជាតិតែម្តង។ ការប្រមូលថវិកាពីការបង់ថ្លៃសំរាមនេះ យើងប្រមូលបានប្រមាណ២លានដុល្លារ ក្នុង១ខែ ។
ឯកឧត្តម ហួត ហៃ បានបញ្ជាក់ថា យើងបានចំណាយមានចំនួនច្រើនជាងនេះ ពោលគឺនៅខាតបង់នូវឡើយទេ។ ក្រុមហ៊ុនប្រមូល ដឹកជញ្ជូនប្រមូលសំរាមទាំង៣ ប្រមូលសំរាមបានប្រមាណ៤១០០តោន ក្នុងមួយថ្ងៃ ខណៈដែលកាលពីមុន មានក្រុមហ៊ុនតែមួយ បរិមាណសំរាមដែលប្រមូលបាន មានត្រឹមតែ២៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ៕



