ខេត្តមណ្ឌលគិរី ៖ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទំនិញ ព្រមទាំងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ មន្ទីរសាធារណការខេត្តមណ្ឌលគិរី កំពុងពន្លឿនការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ៧៦ នៅរងការខូចខាតជាច្រើនកន្លែងក្នុងខេត្ត ខណៈទីតាំងមួយសម្រេចការងារបានជាង៩៦% ហើយត្រៀមបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
លោក ឆុន ឌីម៉ាឡុង ប្រធានការិយាល័យនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន មន្ទីរកំពុងពន្លឿនការងារជួសជុលផ្លូវជាតិលេខ៧៦ ចំនួន២ទីតាំង។
ទីតាំងទី១ ៖ ស្ថិតក្នុងស្រុកកែវសីមា មានប្រវែងសរុប ៤ ៧៦២ម៉ែត្រ និងទទឹង៧ម៉ែត្រ ដោយការងារជួសជុល និងក្រាលកៅស៊ូ DBST សម្រេចបានប្រមាណ ៦២,៥៩%។ ចំណែកទីតាំងទី២ ៖ ស្ថិតក្នុងស្រុកអូររាំង ឆ្ពោះទៅក្រុងសែនមនោរម្យ មានប្រវែង ៥ ២០០ម៉ែត្រ ដែលការងារថែទាំខួប និងក្រាលកៅស៊ូ DBST សម្រេចបាន ៩៦,៣១%។
លោក បញ្ជាក់ថា ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបប្រមាណ ២៩៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅខេត្តមណ្ឌលគិរី និងបន្តទៅខេត្តរតនគិរី។ ផ្លូវនេះមានសារៈសំខាន់សម្រាប់វិស័យសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ និងការដឹកជញ្ជូនទំនិញនៅតំបន់ភាគឦសាន។ ផ្លូវជាតិលេខ៧៦ មានយានយន្តធ្វើដំណើរជាមធ្យមជាង ១០ ០០០គ្រឿងក្នុងមួយថ្ងៃ ដែលភាគច្រើនជារថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញ។
ការងារជួសជុលកំណាត់ផ្លូវទាំងនេះ បានចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយទោះបីប្រឈមនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងបញ្ហាអាកាសធាតុក្នុងរដូវវស្សាក៏ដោយ ក្រុមការងារបច្ចេកទេសនៅតែបន្តពន្លឿនការងារ ដើម្បីឱ្យសម្រេចបានតាមផែនការក្នុងឆ្នាំ២០២៦៕



