កម្ពុជានឹងរុញច្រានរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថល លើកទី៣ និងពិព័រណ៍អនឡាញ
កម្ពុជានឹងជួបជុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន អ្នកបង្កើតថ្មីផ្នែកបច្ចេកវិទ្យា និងអតិថិជន នៅក្នុងខែនេះសម្រាប់ព្រឹត្តិការណ៍ «វេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ»។
វេទិកានេះត្រូវបានរំពឹងថានឹងធ្វើជាវេទិកាថ្នាក់ជាតិសម្រាប់កិច្ចសន្ទនាគោលនយោបាយ ការភ្ជាប់បណ្តាញធុរកិច្ច ការបង្ហាញបច្ចេកវិទ្យា និងសកម្មភាពបង្កើតទីផ្សារជាក់ស្តែង។ ព្រឹត្តិការណ៍នេះនឹងរៀបរាប់លេចធ្លោពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែរឹងមាំ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងជួយដល់សហគ្រិនស្ត្រី និងអ្នកបង្កើតថ្មីវ័យក្មេង ក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីឈានទៅរកអតិថិជនទាំងក្នុងស្រុក និងអន្តរជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងអញ្ជើញជាអធិបតីភាពបើកព្រឹត្តិការណ៍នេះជាផ្លូវការ ដែលនឹងមានការពិភាក្សាកម្រិតខ្ពស់ ការភ្ជាប់បណ្តាញធុរកិច្ចអន្តរជាតិ ការប្រកួតប្រជែងការបង្កើតថ្មីពិព័រណ៍ពាណិជ្ជកម្មឌីជីថល វគ្គពង្រឹងសមត្ថភាព និងកម្មវិធីចូលរួមរបស់យុវជន។
យុទ្ធសាស្ត្រពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា មានគោលដៅលើសពីការនាំយកអាជីវកម្មទៅលើប្រព័ន្ធអនឡាញ ដោយផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដែលមានទំនុកចិត្ត និងភាពប្រកួតប្រជែង៖
● «កម្ពុជាមិនត្រឹមតែមានមហិច្ឆតានាំយកអាជីវកម្មបន្ថែមទៀតទៅលើប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែគឺបង្កើតប្រព័ន្ធអេកូឡូស៊ីមួយដែលពួកគេអាចប្រកួតប្រជែង ទទួលបានទំនុកចិត្ត និងពង្រីកខ្លួនហួសពីព្រំដែនរបស់យើង។ តាមរយៈ CambodiaTrade.com យុទ្ធនាការផលិផលធ្វើនៅកម្ពុជា (Made in Cambodia) និងក្រមសីលធម៌ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យើងកំពុងបំប្លែងមហិច្ឆតានោះទៅជាសកម្មភាពជាក់ស្តែង»។
● «ក្នុងពាណិជ្ជកម្មឌីជីថល ការទទួលបានច្រកចូលប្រើប្រាស់បង្កើតឱ្យមានឱកាស ប៉ុន្តែទំនុកចិត្តបង្កើតឱ្យមានទំហំធំធាត់»។
កិច្ចពិភាក្សាថ្នាក់ដឹកនាំសំខាន់ក្រោមប្រធានបទ «ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នឹងជួបជុំថ្នាក់ដឹកនាំមកពីវិស័យសាធារណៈ និងឯកជន ដើម្បីពិភាក្សាអំពីគោលនយោបាយ បច្ចេកវិទ្យា និងដៃគូដែលចាំបាច់ក្នុងការកែលម្អភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។
សូមបញ្ចាក់ថា ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលរបស់កម្ពុជា និងបង្កើតឱកាសថ្មីៗសម្រាប់សហគ្រាសក្នុងស្រុក។ រៀបចំដោយក្រសួងពាណិជ្ជកម្ម វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញក្រោមប្រធានបទ «ការជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ៕



