ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ពិនិត្យលទ្ធផលការងារ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងតម្រង់ទិសដៅការងារអនុវត្តបន្តរបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ព្រមទាំងផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។
ថ្លែងទៅកាន់អង្គប្រជុំដែលមានការចូលរួមពីសមាជិក សមាជិកាពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាដែលបានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្នុងការបណ្តុះបណ្តាលបង្កើនសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈ ការចុះបញ្ជីវិស្វករជាតិ-អន្តរជាតិតាមប្រព័ន្ធអនឡាញជាលើកដំបូង និងការបន្តផ្សព្វផ្សាយពីសារប្រយោជន៍នៃការចុះបញ្ជីវិស្វករ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវិស្វកម្ម ព្រមទាំងការអនុវត្តអនុសាសន៍ទាំង ៦ចំណុចដែលបានដាក់ចេញនាពេលកន្លងមកបានល្អប្រសើរ។
បន្ទាប់ពីបានស្តាប់បទបង្ហាញស្តីពីសកម្មភាពការងារក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងផ្តល់មតិយោបល់ល្អៗលើការអនុវត្ត និងសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ដើម្បីរួមគ្នាធ្វើការកែសម្រួលចំណុចខ្វះខាត ធ្វើយ៉ាងណាឱ្យសកម្មភាពការងាររបស់គណៈវិស្វករកម្ពុជាប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែល្អប្រសើរសម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជាតិ។
ដើម្បីជាធាតុចូលសម្រាប់អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន ឯកឧត្តមរដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍ដ៏មានតម្លៃសម្រាប់គណៈវិស្វករកម្ពុជាឱ្យពង្រីកកិច្ចសហការជាមួយស្ថាប័ន ឬក្រុមហ៊ុនធំៗមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងវិស្វករនៅក្នុងវិស័យណាមួយ និងរៀបចំចេញបណ្ណសរសើរ ឬការបញ្ជាក់ពីការអនុលោមភាពនៃសហគ្រាសដែលបានប្រើប្រាស់វិស្វករត្រឹមត្រូវតាមច្បាប់ និងគោរពគោលការណ៍រួមនៃវិជ្ជាជីវៈវិស្វករនៅកម្ពុជា។
លើសពីនេះ ដើម្បីលើកកម្ពស់ឧត្តមភាពគណៈវិស្វករកម្ពុជា ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគណៈវិស្វករអាស៊ាន ឬសហព័ន្ធវិស្វករអន្តរជាតិ ដើម្បីរៀបចំសន្និសីទថ្នាក់អន្តរជាតិនៅកម្ពុជាពាក់ព័ន្ធជាមួយនឹងវិស្វករ។ ម្យ៉ាងវិញទៀត ក៏ត្រូវបង្កើនការផ្សព្វផ្សាយពីសារប្រយោជន៍នៃការចុះបញ្ជីនៅគណៈវិស្វករកម្ពុជា បទដ្ឋានគតិយុត្ត និងបទដ្ឋានច្ចេកទេសឱ្យបានកាន់តែទូលំទូលាយផងដែរ៕



