ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៨ ដោយកៀរគរបានមូលធនសរុបប្រមាណ ៧២០ លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា
នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦ នៅអគារផ្សារមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”, ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក ណូ លីដា អគ្គនាយកនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC), លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ឯកឧត្តម លោកជំទាវ, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹ ក្សាភិបាល បានសម្តែងការអបអរសាទរជូន គណៈគ្រប់គ្រង និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលសម្រេចបាននូវការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពមានបុគ្គលធានា ក្រោមទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ ៥,៧៥% សម្រាប់រយៈពេល ៥ ឆ្នាំ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ធ្លាប់បានកៀរគរទុនលើកទី ១ ពីទីផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០១៩ ក្នុងទំហំទឹកប្រាក់សរុប ២០ លានដុល្លារអាមេរិក, ហើយពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានវិលត្រលប់ និង ជ្រើសរើសនូវប្រភពទុនពីទីផ្សារមូលបត្រជាថ្មីម្តងទៀត (ជាលើកទី២), ដែលទាំងពីរលើក គ្រឹះស្ថាននេះបានកៀរគរមូលធនសរុបប្រមាណ ៤០ លានដុល្លារអាមេរិក ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ការចូលក្នុងផ្សារមូលបត្រ បានបង្ហាញយ៉ាងច្បាស់អំពីរូបភាពល្អចំនួន ៣ ៖ ទី១. តម្លាភាព និង អភិបាលកិច្ចដ៏រឹងមាំ តាមរយៈការអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការពី និយ័តករមូលបត្រកម្ពុជា និង ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់អំពីអនុលោមភាពផ្លូវច្បាប់, ស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ និង ស្ថិរភាពប្រតិបត្តិការខ្ពស់ របស់ក្រុមហ៊ុនបោះផ្សាយ, ទី២. ទំនុកចិត្តពីវិនិយោគិន ដោយការទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់វិនិយោគិនជាតិ និង អន្តរជាតិ ស្តែងឱ្យឃើញអំពីជំនឿទុកចិត្តលើ ចក្ខុវិស័យ និង និរន្តរភាពនៃការីកចម្រើនរបស់ក្រុមហ៊ុនបោះផ្សាយ, និង ទី៣. ការរួមចំណែកអភិវឌ្ឍទីផ្សារមូលធនកម្ពុជា ដែលការចូលរួមរបស់ក្រុមហ៊ុនបោះផ្សាយ ជួយបង្កើនទំហំជួញដូរ និង ផ្តល់នូវជម្រើសវិនិយោគចម្រុះ ប្រកបដោយសុវត្ថិភាព និង មានផលតបស្នងសមរម្យ ជូនវិនិយោគិនសាធារណៈ និង វិនិយោគិនស្ថាប័ន ។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការរួមចំណែករបស់ CGCC ដែលបានធ្វើជាបុគ្គលធានាមូលបត្របំណុលរបស់ គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ អិលអូអិលស៊ី, ហើយការផ្ដល់ការលើកកម្ពស់ឥណទាន (Credit Enhancement) តាមរយៈការធានានេះ បានដើរតួនាទីយ៉ាងសំខាន់ជា “ខែលការពារហានិភ័យ” ក្នុងការកាត់ បន្ថយផលប៉ះពាល់ពីឥណទានមិនដំណើរការ (NPL) ដែលអាចប៉ះពាល់ដល់លទ្ធភាពរបស់គ្រឹះស្ថាន ក្នុងការទូទាត់សងការពារប្រាក់ដើម និង ការប្រាក់ជូនវិនិយោគិន ។ ការចូលរួមធានាមូលបត្របំណុលពី CCC មិនត្រឹមតែជួយកសាង និង បង្កើនទំនុកចិត្តខ្ពស់ ដល់វិនិយោគិនសាធារណៈប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាជំហានឈានមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កម្រិតឥណទានទីផ្សារ (Market Credit) និង ការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់ទីផ្សារមូលធនកម្ពុជា ដែលស្ថាប័នធានាឥណទានក្នុងស្រុក បានដើរតួនាទីក្នុងការគាំទ្រដល់ការបោះផ្សាយមូលបត្របំណុល នៅលើទីផ្សារមូលបត្រកម្ពុជា ។
ឯកឧត្តម ហុង សុហួរ បានជម្រាបជូនអង្គពិធីថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ បានកៀរគរទុនសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក រួមមានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង ក្រុមហ៊ុនចំនួន ១៦ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម ។ បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមគិតត្រឹម ៨ ខែ ឆ្នាំ ២០២៦ មានប្រមាណជាង ២៣ ម៉ឺនភាគហ៊ុន កើនឡើងជិត ១៥០% បើធៀបនឹងឆ្នាំ២០២៥, ហើយទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក ។ សម្រាប់ខែសីហាកន្លងទៅនេះ, បរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម បានកើនឡើងគំហុកដល់ជាង ៥៨ ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ និង ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមមានប្រមាណ ៨០ ម៉ឺនដុល្លារអាមេរិក ។ ដោយឡែក, ចំនួនគណនីជួញដូរមានការកើនឡើង រហូតដល់ប្រមាណ ៨២ ០០០ គណនី ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ថា មូលបត្របំណុលចីរភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលមូលនិធិរយៈពេលវែង សម្រាប់គាំទ្រគម្រោង និង សកម្មភាពដែលផ្តល់ប្រយោជន៍ជាក់ស្តែងដល់បរិស្ថាន និង សង្គម, ហើយការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អិលអូអិលស៊ី ក្នុងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលការណ៍បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG), និង ការចូលរួមគាំទ្រគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់រាជរដ្ឋា ភិបាល ។ មូលនិធិដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលចីរភាពនេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងដែលគាំទ្រផ្នែកបរិស្ថានប្រមាណ ២០% និង ផ្នែកសង្គមប្រមាណ ៨០% ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គពាក់ព័ន្ធ ដែលបានផ្តល់កិច្ច សហការល្អ និង ផ្តល់ការគាំទ្រ ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ក៏ដូចជា បណ្តាក្រុមហ៊ុននានាដែលបានចុះបញ្ជី (ទាំងមូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល) អាចសម្រេចទៅបាន គឺកើតចេញពីការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនិយ័តករមូលបត្រកម្ពុជា, ផ្សារមូលបត្រកម្ពុជា, ក្រុមហ៊ុនមូលបត្រ, ភ្នាក់ងារផ្តល់សេវាមូលបត្រ, ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង វិនិយោគិន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា ការ ចូលរួមរបស់វិស័យឯកជន ជាពិសេស សហគ្រាសក្នុងស្រុក និង គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងផ្សារមូលបត្រកម្ពុជា ពិតជាបានរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិ បាល ក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និង ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ដើម្បីឈានទៅជាជន្ទល់នៃកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព ។ ជារួម, ផ្សារមូលបត្រកម្ពុជា នឹងបន្តចូលរួមគាំទ្រ និង ជំរុញការលូតលាស់នៃសហ គ្រាសធុនតូច និង មធ្យម ក្នុងគោលដៅរួមចំណែកដល់កំណើនអាជីវ កម្ម/ធុរកិច្ចក្នុងស្រុក ព្រមទាំងជំរុញការពង្រីកខ្សែច្រវា ក់ផលិតកម្ម និង បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រា សក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និង ឈានជើងចូលទីផ្សារតំបន់ ។
ស្របតាមស្មារតីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើក ទឹកចិត្តដល់សហគ្រិនទាំងអស់ សូមគិតគូរ និង ផ្សារភ្ជាប់អាជីវ កម្មរបស់ខ្លួន ទៅនឹងការរីកលូតលាស់នៃទីផ្សារមូលបត្រកម្ពុជា, ជាពិសេស ត្រូវខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការកៀរគរទុនជាសាធារណៈ និង ការធ្វើពិពិធកម្មប្រភពទុន តាមរយៈទីផ្សារមូលបត្រកម្ពុជា ជំរុញឱ្យការប្រកបអាជីវកម្មបានរលូន និង រីកចម្រើនប្រកបដោយចីរភាព ៕



